ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ៖ ការវិនិយោគរបស់ភាគីចិន លើការសាងសង់ផ្សារបោះដុំអាស៊ានអន្តរជាតិ ផ្សារដើមគរថ្មី គឺជាផ្សារបោះដុំដ៏ធំនៅរាជធានីភ្នំពេញ

79

 

ភ្នំពេញ ៖ នារសៀលថ្ងៃទី១២តុលានេះ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងឯកឧត្តម Wang Wen Tian  ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញរួមគ្នាទៅពិនិត្យមើលពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ាន.អន្តរជាតិ ឬហៅថាផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួចដំណាក់កាលទី១ហើយ ដែលមានស្តង់លក់ដូរចំនួន៦០០០ស្តង់។

ក្នុងឱកាសជួបសំណេះសំណាលជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ៖ នេះជាការវិនិយោគសាងសង់ទីផ្សារដ៏មានសក្តានុពលដែលរាជធានីភ្នំពេញចង់បាន។ ក្រោយពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិទី៦ ដំណើរ ការសាងសង់ក៏ចាប់ផ្តើម នៅក្នុងឆ្នាំ២០២២ លើផ្ទៃដីជាង២០ហិកតា ដោយសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មហ្គាន់ស៊ី ប្រទេសចិន។

ឯកឧត្តមអភិបាលបន្តថា ផ្សារនេះ ក៏នឹងជួយរំលែកបងប្អូនអាជីវករ ពីលើផ្លូវព្រះមុនីរ៉េត ផ្សារដើមគរដែលបង្កឲ្យបាត់សណ្តាប់ធ្នាប់។ ឯកឧត្តមឃួង ស្រេង ថ្លែងទៀតថា៖ ទីតាំងផ្សារបោះដុំនេះ ស្ថិតលើដងវិថីឈ្នះឈ្នះ ជាចំណុចកណ្តាលនៃការចែកចាយទំនិញ ហើយប្រទេសជិតខាងពិសេស អ្នកវិនិយោគមកពីប្រទេសចិន អាចយកទំនិញរបស់ខ្លួនមកបង្ហាញ និងលក់នៅទីផ្សារដ៏ធំមួយនេះ។ សម្រាប់បងប្អូនអាជីវករដែលមានបំណងមកលក់ដូរនៅទីនេះ អាចដាក់ពាក្យមកក្រុមហ៊ុន នឹងមិនយកថ្លៃស្តង់រយៈពេល២ឆ្នាំ។

ឯកឧត្តមឯកអគ្គរដ្ឋទូតWang Wen Tian បានអបអរសាទរ ចំពោះគម្រោងវិនិយោគផ្សារបោះដុំដ៏ធំលើកដំបូង នៅរាជធានីភ្នំពេញមួយនេះ។ ឯកឧត្តមបញ្ជាក់ថា៖ នេះជាការបង្ហាញ ឲ្យឃើញពីចំណងមិត្តភាព សាមគ្គីភាពនឹងកិច្ចសហប្រតិបត្តិការនៃយុទ្ធសាស្ត្រ ត្បូងពេជ្រកម្ពុជា.ចិន ដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំនៃប្រទេសទាំង២។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តទៀតថា៖ ឯកឧត្តមរីករាយពេលបានឃើញពីការយកចិត្តទុកដាក់ នឹងគាំទ្ររាល់គម្រោងរបស់ចិននៅរាជធានីភ្នំពេញ ហើយស្ថានទូតចិន នឹងបន្តកិច្ចសហការវិនិយោគ នៅរាជធានីភ្នំពេញតាមរយៈការជំរុញវិនិយោគិន របស់ចិន មកវិនិយោគនៅកម្ពុជា និយាយដោយឡែកនៅរាជធានីភ្នំពេញឲ្យកាន់តែច្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង