ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងយុត្តិធម៌ បាននិងកំពុងជំរុញរៀបចំ និងដាក់ចេញ ផែនការយុទ្ធសាស្ត្រកែទម្រង់វិស័យយុត្តិធម៌រយៈពេល ១០ឆ្នាំ សំដៅពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា

105

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈ ឯកឧត្តម មាន ចាន់យ៉ាងដា, អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាពេលកន្លងមក ហើយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហការល្អនេះបន្តទៀត ដើម្បីឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជា មន្ត្រីអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធទាំងអស់អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តចាត់ទុកការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាការងារអាទិភាព និងបានរៀបចំការងារកែទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី១។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចជូនអង្គពិធីទាំងមូលអំពីការងារអាទិភាពដែលក្រសួងយុត្តិធម៌បាននិងកំពុងជំរុញរៀបចំ និងដាក់ចេញនាពេលឆាប់ៗខាងមុខនេះ សំដៅពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា គឺ៖ (១)-ការរៀបចំនូវ «ផែនការយុទ្ធសាស្ត្រកែទម្រង់វិស័យយុត្តិធម៌រយៈពេល ១០ឆ្នាំ (២០២៣-២០៣៣)» និង (២)-ការរៀបចំដាក់ចេញនូវយុទ្ធនាការសំខាន់ៗចំនួន ៣ សម្រាប់សម្រេចឱ្យបាននូវកិច្ចការអាទិភាពទាំង ៣ ដែល សម្តេចប្រមុខរាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រសួងយុត្តិធម៌ គឺ៖ (ទី១)-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ, (ទី២)-យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង (ទី៣)-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំ និងផ្តាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់នូវចំណុចសំខាន់មួយចំនួន រួមមាន៖
(១)-ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាត់ការឱ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព នូវសំណុំរឿងនានា ជាពិសេស សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន, បទល្មើសសម្អាតប្រាក់, បទល្មើសជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ ជាដើម។ ចំពោះជនបរទេសដែលបានប្រព្រឹត្តបទល្មើសទាំងនេះ ត្រូវអនុវត្តទោសបន្ថែម ដូចជា ការអនុវត្តវិធានការបណ្តេញចេញពីកម្ពុជា ក្រោយបញ្ចប់ការអនុវត្តទោសពន្ធនាគារ។
(២)-ត្រូវប្រកាន់ខ្ជាប់នូវអនាគតិនៅពេលជំនុំជម្រះរឿងក្តី ពោលគឺការវៀរចាកនូវអគតិទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ ព្រមទាំងប្រកាន់យកនូវសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និង បញ្ញាវុធវិនិច្ឆ័យ។
(៣)-ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន ពោលគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន និងអភិក្រមទាំង ៤ នៃការកែទម្រង់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ពោលគឺ “ចក្ខុវិស័យច្បាស់លាស់ ប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយស្មោះត្រង់ និងលះបង់” ដើម្បីចូលរួមកែទម្រង់វិស័យយុត្តិធម៌ឱ្យទទួលបានជោគជ័យ។
(៤)-ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពធនធនមនុស្សរបស់ខ្លួន តាមរយៈការពង្រឹងលើការសិក្សាស្រាវជ្រាវ ការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬ កម្មវិធីចែករំលែកនូវចំណេះដឹង ជាអាទិ៍។
(៥)-ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត, ងាយយល់ និងមានសំអាងហេតុ, សំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់ ជាពិសេស ការលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
(៦)-ត្រៀមលក្ខណៈទាំងផ្នែកបច្ចេកទេស ទាំងផ្នែករដ្ឋបាល និងធនធានមនុស្ស ដើម្បីចូលរួមអនុវត្តឱ្យបានសកម្ម និងផ្តល់កិច្ចសហការឱ្យបានពេញលេញក្នុងការអនុវត្តយុទ្ធនាការសំខាន់ៗទាំង ៣ ដែលនឹងដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលខាងមុខ ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ប្រកបដោយឆន្ទៈមោះមុត ស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ សំដៅលើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌របស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង