ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកដល់ការរក្សាសន្តិភាពអន្តរជាតិ
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងឱកាសដែលលោក ចូលជួបសម្តែងការគួរសមនៅក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីជំនួបប្រកបដោយផ្លែផ្កា រវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងឯកឧត្តម António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ក្នុងឱកាសនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការរួមចំណែករបស់ក្រុមការងាររបស់អង្គការសហប្រជាជាតិ ចំពោះការអភិវឌ្ឍនៅកម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកដល់ការរក្សាសន្តិភាពអន្តរជាតិ និងបានបញ្ជាក់ពីឆន្ទៈក្នុងការពង្រីកបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ (PKOs) របស់កម្ពុជាទៅកាន់ទីតាំងថ្មីផ្សេងទៀត៕