UNDP បន្តជួយកម្ពុជាក្នុងការសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការត្រៀមខ្លួន សម្រាប់ការចាកចេញ ពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច
ភ្នំពេញ ៖ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោកស្រី Alissar Chaker តំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ UNDP សម្រាប់ជំនួយ និងការចូលរួមចំណែកដល់កម្ពុជា ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ។
លោកស្រី Alissar Chaker បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្ររបស់ UNDP ក្នុងការជួយដល់កម្ពុជាក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច ។
ភាគីទាំងពីរបានសម្តែងនូវការត្រៀមខ្លួនដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងលើកកម្ពស់កិច្ចសន្ទនាប្រកបដោយស្ថាបនា៕