ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក លី ធុជ ដឹកនាំគណៈប្រតិភូឈ្វេងយល់ ការផ្តល់សេវាកម្មដល់ជនមានពិការភាពដោយសារមីន មជ្ឈមណ្ឌល Exceed Worldwide កម្ពុជា

42

 

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានដឹកនាំគណៈប្រតិភូនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស្តារ លទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ (Exceed Worldwide) ស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៏សែនជ័យ នៅរសៀលថ្ងៃចន្ទ ២រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ ត្រូវនិង ថ្ងៃទី១៦ តុលា ឆ្នាំ២០២៣ ដើម្បីឈ្វេងយល់ អំពីសកម្ម ភាពការងារការផ្តល់សេវាកម្មគាំទ្រ ដល់សហគមន៍ឱ្យទទួលបានឱកាសអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការងារ ឬការបង្កើតអាជីវកម្មថ្មីៗថែមទៀត ។

ក្នុង នាម តំណាងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ជា ប្រ ធាន អាជ្ញាធរ មីន លោក ទេសរដ្ឋមន្រ្តី លី ធុជ បានអគុណ ចំពោះគណៈប្រតិភូទាំងអស់ ដែលបានចុះសិក្សាឈ្វេងយល់ អំពីការស្តារកាយសម្បទា និងការលើកកម្ពស់គុណភាព ជីវិតដល់ជនមានពិការភាពរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា តាមការផ្តល់សេវាកម្មនានា របស់មជ្ឈមណ្ឌល Exceed World wide ដែលបង្កើតឡើងនៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៨៩មក ។

លោកបានបន្ដថា សោដនាកម្មទាំងនេះ គឺកើតឡើងដោយសារកម្ពុជាធ្លាប់ បានឆ្លងកាត់នូវពេលវេលាដ៏សែនសោកសៅ និងឈឺចាប់ក្នុងប្រវត្តិសាស្រ្តអស់ជាង ៣ទសវត្សរ៍ ដែលបណ្តាលឲ្យប្រជាជនស្លូតត្រង់ប្រមាណជាង៦,៥ម៉ឺននាក់ បាត់បង់ជីវិត ធ្លាក់ខ្លួនពិការ និងរងរបួស និងនៅតែបន្តរងគ្រោះជារៀងរាល់ឆ្នាំរហូតដល់សព្វថ្ងៃនេះ។

លោកបានបន្តទៀតថា ស្លាកស្នាមទាំង នោះ ក៏បង្ហាញផងដែរអំពីភាពរឹងមាំ និងអំណាចនៃការរួបរួមគ្នារបស់កម្ពុជា។ កម្ពុជាបានបង្ហាញប្រាប់ពិភពលោកថា ទោះបីជា កម្ពុជាជួបទុក្ខលំបាកខ្លាំងប៉ុណ្ណា ក៏ កម្ពុជានៅតែអាចស្តារ និងអភិវឌ្ឍន៏ ប្រទេសឡើងវិញ ដែលជនមានពិការភាពក៏ស្ថិតក្នុងដំណើរការនោះផងដែរ និងនៅតែជាអាទិភាពក្នុងការបន្តអភិវឌ្ឍន៏ សង្គមសេដ្ឋកិច្ចរបស់កម្ពុជា ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលបានអរគុណចំពោះ មជ្ឈមណ្ឌល Exceed Worldw ide ដែលចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងគាំទ្រធ្វើឱ្យប្រសើរឡើងដល់ជនមានពិការភាពដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង