ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកមុំ វណ្ណា នាយកគេហទំព័រភ្នំពេញរីផតធើ ជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៃឱកាសខួបចម្រើនជន្មាយុគម្រប់ ៤៦ ឆ្នាំ ឈានចូល ៤៧ ឆ្នាំ

77

 

ភ្នំពេញ ៖ លោកមុំ វណ្ណា នាយកគេហទំព័រភ្នំពេញរីផតធើ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពចូលរួមជូននូវសព្ទ សាធុការពរជ័យចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ មង្គលាភិរម្យថ្លៃថ្លា នៃឱកាសខួបចម្រើនជន្មាយុគម្រប់ ៤៦ ឆ្នាំ ឈានចូល ៤៧ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។

ជាការពិតណាស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី បាននឹងកំពុងអនុវត្តប្រកបដោយភាពមុតស្រួច នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈកម្មវិធីនយោបាយ អាទិភាពទាំង ៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ និងវិធានការគន្លឹះទាំង ៥ ចំណុច ដែលនេះ ពិតជាបានបង្ហាញ ឱ្យឃើញកាន់តែច្បាស់ពីសមត្ថភាពដឹកនាំ ទេពកោសល្យ ភាពប៉ិនប្រសប់ និងគតិបណ្ឌិតដឹកនាំ ពោលគឺ ត្រឹមតែរយៈពេល ជិត ២ ខែ សម្ដេចធិបតី សម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើនក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សេវាគាំពារសង្គម វិស័យការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងភាពលេចធ្លោបំផុតរបស់ សម្ដេចធិបតី ក្នុងវេទិកាកម្រិតតំបន់ និងអន្តរជាតិ ដូចអ្វីដែល សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំ (សម្ដេចតេជោ) ទៅទៀត” ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានសមប្រកបតនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ៕

អត្ថបទដែលជាប់ទាក់ទង