ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងសហភាពអឺរ៉ុប មានទំនាក់ទំនង សហប្រតិបត្តិការ ជាមួយគ្នាជាយូរមកហើយ ទៅលើវិស័យកសិកម្ម ,អប់រំនិងធុរកិច្ច

152

ភ្នំពេញ៖ សហភាពអឺរ៉ុប មានទំនាក់ទំនង សហប្រតិបត្តិការ ជាមួយកម្ពុជាជាយូរមកហើយ ទៅលើវិស័យកសិកម្ម ,អប់រំនិងធុរកិច្ច ហើយសហភាពអឺរ៉ុបនិងបន្តសហប្រតិបត្តិការនេះឲ្យកាន់តែល្អថែមទៀត។

នេះជាការលើកឡើងរបស់លោក អុីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក អុីហ្គោរ៍ ទ្រីសម៉ាន់បានមានប្រសាសន៍លើកឡើងថា លោកធ្លាប់បានមករាជធានីភ្នំពេញចំនួន ៣លើកមកហើយ ។រាជធានីភ្នំពេញពិតជាមានភាពស្រស់ស្អាត ហើយក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបកិច្ចប្រជុំកំពូលអាស៊ានបានយ៉ាងល្អប្រសើរថែមទៀត ។ សម្រាប់សហភាពអឺរ៉ុប យើងបានមានទំនាក់ទំនង សហប្រតិបត្តិការជាមួយនឹងប្រទេសកម្ពុជា ជាយូរមកហើយ ដោយផ្តោតលើវិស័យ វិស័យកសិកម្ម អប់រំនិងធុរកិច្ច ។

លោកបន្តថា ការជួបពិភាក្សាការងារជាមួយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខាងលើនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀតជាមួយរដ្ឋបាលរាជធានីភ្នំពេញ ។សហភាពអឺរ៉ុបតាមរយៈកិច្ចសហប្រតិបត្តិការកន្លងមកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ពិតជាទទួលបានផ្លែផ្កាជាច្រើន ដែលមានទាំងការបណ្ដុះបណ្ដាលមន្ត្រី នៅស្ទឹងមានជ័យនិងសម្រេចបានគម្រោងមួយចំនួនផងដែរ។

លោកក៏បានបញ្ជាក់ផងដែរថា សំរាប់រដ្ឋបាលរាជធានីភ្នំពេញ បើមានអ្វីត្រូវពឹងពាក់សភាពអឺរ៉ុបអោយជួយនោះ សភាពអឺរ៉ុបនឹងជួយ រាជធានីភ្នំពេញ។
បន្ថែមពីនេះ លោក អុីហ្គោរ៍ ទ្រីសម៉ាន់ ក៏បានសំណូមពរ អោយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីជិះកង់មួយ ហើយពិធីនេះអាចរៀបចំ ក្នុងរដូវប្រាំង។

លោកឃួង ស្រេង ក្នុងឱកាសនោះ បានមានប្រសាសន៍រៀបរាប់ពី ភូមិសាស្ត្រនិងប្រវត្តិខ្លះៗរបស់រាជធានីភ្នំពេញ ដោយលោកបញ្ជាក់ថា រាជធានីភ្នំពេញ បានឆ្លងកាត់នូវសង្គ្រាមយ៉ាងច្រើន ពិសេសនៅក្នុងរបបប៉ុលពត កម្ពុជាបានធ្លាក់ដល់ចំណុចសូន្យ។ តែក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ក្រៅពីរំដោះប្រទេសពីរបបប៉ុលពតហើយនោះ នូវបានដឹកនាំប្រទេសដ៏កំសត់មួយនេះ ឲ្យមានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ រាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅនិងចេញចូលរកស៊ីប្រមាណជា៣លាននាក់ មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២លាន២សែនគ្រឿង ដែលធ្វើអោយរាជធានីមួយនេះ ប្រឈមទៅនឹងការកកស្ទះចរាចររាល់ថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាង ស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ជាទិសដៅខាងមុខ រដ្ឋបាលរាជធានីចង់បង្កើតឲ្យមានផ្លូវអាទិភាពមួយសម្រាប់រថយន្តក្រុង ដើម្បីឲ្យប្រជាពលរដ្ឋបែរមកប្រើប្រាស់សេវារថយន្តក្រុង ដែលវានឹងអាចកាត់បន្ថយបាននូវការកកស្ទះចរាចរ ។

លោកឃួង ស្រេង ក៏បានជំរាបជូនភ្លៀងផងដែរថា សម្រាប់ រាជរដ្ឋាភិបាលកម្ពុជា ពិតបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខមាលភាពប្រជាពលរដ្ឋ ដោយក្រៅមានមន្ទីរពេទ្យរដ្ឋចំនួន១០កន្លែងហើយ នូវបានបង្កើតនូវមន្ទីរពេទ្យថ្មីនិងធំមួយទៀត នោះគឺមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលមានរហូតដល់១ម៉ឺនគ្រែ ដែលគ្រោងបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង