ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា នឹងព្យាយាមសម្របសម្រួលដោះស្រាយ រាល់បញ្ហាប្រឈមលើគម្រោងវិនិយោគរបស់វៀតណាម ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ ខ្លួន

158

 

ភ្នំពេញ៖ ឯកឧត្តម ង្វៀន ឌឹកហ្វុង (NGUYEN DUC PHONG) អនុលេខា អចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីសវៀតណាម បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនរបស់វិនិយោគិនវៀតណាម ដែលកំពុងមានប្រតិបត្តិការធុរកិច្ចក្នុងប្រទេសកម្ពុជា និងបានស្នើឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួយសម្របសម្រួលដោះស្រាយព្រមទាំងស្នើឱ្យភាគីកម្ពុជាបន្តគាំទ្រចំពោះគម្រោងវិនិយោគរបស់វៀតណាមនៅកម្ពុជាបន្ថែមទៀត។

នាថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនវៀតណាមដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដឹកនាំដោយឯកឧត្តម ង្វៀន ឌឹកហ្វុង (NGUYEN DUC PHONG) អនុលេខា អចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីសវៀតណាម និងមានការចូលរួមពីសំណាក់ឯកឧត្ដម ង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

ជាកិច្ចចាប់ផ្តើមឯកឧត្ដម ជា វុទ្ធី បានថ្លែងស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូវៀតណាម និងបានលើកឡើងអំពីសារៈសំខាន់ចំពោះកិច្ចសហ ប្រតិបត្តិការកន្លងមកលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ឯកឧត្តមអគ្គលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់វៀតណាមនៅក្នុងប្រទេសកម្ពុជា និងបានស្នើសុំឲ្យមានការពង្រឹងភាពជាដៃគូ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការវិនិយោគដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការវិនិយោគរបស់វៀតណាមនៅក្នុងប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះផងដែរ ភាគីវៀតណាមបានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនរបស់វិនិយោគិនវៀតណាមដែលកំពុងមានប្រតិបត្តិការធុរកិច្ចក្នុងប្រទេសកម្ពុជា និងបានស្នើឯកឧត្តមអគ្គលេខាធិការជួយសម្របសម្រួលដោះស្រាយ
ព្រមទាំងស្នើឱ្យភាគីកម្ពុជាបន្តគាំទ្រចំពោះគម្រោងវិនិយោគរបស់វៀតណាមនៅកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្ដមអគ្គលេខាធិការបានគូសបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការ
វិនិយោគកម្ពុជានឹងព្យាយាមសម្របសម្រួលដោះស្រាយរាល់បញ្ហាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ ខ្លួន។ ចំណែកឯបញ្ហាដែលមានលក្ខណៈអន្តរវិស័យភាគីវៀតណាមអាចលើកបញ្ហាទាំងនោះជូនទៅក្រុម ការងារតាមវិស័យទាំង១៤ នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីស្វែងរកដំណោះស្រាយ។

ឯកឧត្តមបានបន្តថា ក្នុងករណីបញ្ហាដែលមិនអាចដោះស្រាយក្នុងកម្រិតក្រុមការងារ បញ្ហាទាំងនោះនឹង ត្រូវត្រូវរាយការណ៍ជូននាយករដ្ឋមន្ត្រី ដើម្បីផ្ដល់អនុសាសន៍ និងដំណោះស្រាយនៅក្នុងវេទិការាជរដ្ឋាភិបាល-
ផ្នែកឯកជន។

កិច្ចប្រជុំត្រូវបានបញ្ចប់ដោយភាពរីករាយ ដោយភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ
គា្នដើម្បីជំរុញការវិនិយោគរបស់វៀតណាមនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង