ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិព័រណ៍អប់រំ ចិន-អាស៊ាន នឹងក្លាយជាវេទិកាអប់រំ សម្រាប់ប្រទេសកម្ពុជា និងប្រទេសចិន

93

 

ភ្នំពេញ ៖ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានថ្លែងថា កម្មវិធីពិព័រណ៍អប់រំ ចិន-អាស៊ាន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ព័ត៌មានសិក្សានៃសាកលវិទ្យាល័យនានារបស់ប្រទេសចិន ជូនដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅប្រទេសចិននាពេលអនាគត មួយផ្នែកទៀតក៏អាចទាក់ទាញសិស្សានុសិស្សរបស់ប្រទេសចិន មកបន្តការសិក្សានៅប្រទេសកម្ពុជាវិញដូចគ្នា។

លោក ហែម ស៊ីណារ៉េត បានថ្លែងយ៉ាងដូច្នេះ នាសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៌អប់រំ ចិន-អាស៊ាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។
លោកប្រធានមន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានសម្តែងនូវការ គាំទ្រយ៉ាងពេញទំហឹង ចំពោះសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងសមាគម កម្ពុជា-ចិន ដើម្បីផ្លាស់ប្តូរការអប់រំ ដែលបានខិតខំប្រឹងប្រែងសហការងាររួមគ្នា ក្នុងការបង្កើតឱ្យមានកម្មវិធីពិព័រណ៍អប់រំ ចិន-អាស៊ាន ដែលនឹងរៀបចំឡើងនៅរាជធានីភ្នំពេញនាថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

លោកបានបន្តថា ប្រទេសចិន និងប្រទេសកម្ពុជា សុទ្ធតែជាប្រទេសដែលមានអរិយ្យធម៌ វប្បធម៌ ប្រពៃណី ដ៏យូរលង់មកហើយនៅក្នុងពិភពលោក។ ឆ្នាំ២០២៣នេះ ក៏ជាឆ្នាំមិត្តភាពគំរប់ខួប ៦៥ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា-ចិន ។ លោកបានថ្លែងគាំទ្រ និងត្រៀមខ្លួនជានិច្ច ក្នុងកិច្ចជួយសម្រួលសម្រួល ដើម្បីជំរុញការផ្សព្វផ្សាយ ស្ដីពី កម្មវិធីពិព័រណ៍អប់រំចិន- អាស៊ាន ដែលនឹងរៀបចំឡើងនៅរាជធានីភ្នំពេញនាចុងឆ្នាំ២០២៣ ខាងមុខនេះ ឱ្យកាន់តែទូលំទូលាយ និងទទួលបានការគាំទ្រ ពីសំណាក់គ្រឹះស្ថានសាធារណៈ និងគ្រឹះស្ថានឯកជន ឱ្យកាន់តែខ្លាំងឡើងថែមទៀត។ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជូនសិស្សនិស្សិត ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី និងចិនផងដែរ ហើយតាមរយៈការផ្សព្វផ្សាយតាំងពិព័រណ៍នេះ សិស្សនិស្សិតនឹងយល់ដឹង និងសម្រេចយ៉ាងត្រឹមត្រូវ ទៅបន្តការសិក្សានៅប្រទេសចិនកាន់តែច្រើន ខណៈរយៈពេល២០ចុងក្រោយនេះ ប្រទេសចិនបានដណ្តើមទីផ្សារសេដ្ឋកិច្ចលេខ២ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត តុង វណ្ណៈ ប្រធានសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សា បានថ្លែងផងដែរថា ការរៀបចំពិព័រណ៍អប់រំចិន- អាស៊ាននេះ មានលក្ខណៈប្រសើរដែលប្រទេសកម្ពុជាកំពុងរៀបចំប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលឆាប់ៗខាងមុខនេះ ពិតជាមានសារសំខាន់ណាស់ និងមានប្រយោជន៍សម្រាប់សិស្សានុសិស្សដែលត្រៀមប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា សាកលវិទ្យាល័យនានានៅប្រទេសកម្ពុជា ក៏ដូចជាបន្តការសិក្សាសនៅប្រទេសចិន។

លោក កាវជាន ប្រធានសមាគម កម្ពុជា-ចិន ដើម្បីផ្លាស់ប្តូរការអប់រំ បានលើកឡើងថា កម្មវិធីពិព័រណ៍អប់រំចិន- អាស៊ាន នឹងប្រារព្ធធ្វើឡើងនៅអគារអូឡាំព្យារាជធានីភ្នំពេញនាចុងឆ្នាំនេះ ដោយមានសាកលវិទ្យាល័យមកពីប្រទេសចិនចំនួន៥០ និងសាកលវិទ្យាល័យនៅកម្ពុជាចំនួន៥០ បានចូលរួម ហើយតាមគ្រោងទុកនឹងមានសិស្ស និស្សិតប្រមាណ២ម៉ឺននាក់ចូលរួម ហើយពិព័រណ៍នេះនឹងក្លាយជាវេទិកាអប់រំសម្រាប់ប្រទេសកម្ពុជានិងប្រទេសចិន។ លោកបានបន្តថា យោងតាមតួលេខផ្តល់ដោយស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានបង្ហាញថា ជារៀងរាល់ឆ្នាំមានសិស្ស និស្សិតកម្ពុជាប្រហែល៥០០នាក់ ទៅសិក្សានៅប្រទេសចិន។ យោងតាមមិត្តភាពដ៏ល្អរបស់កម្ពុជានិងចិន សង្ឃឹមថាប្រទេសចិន មានសិស្ស និស្សិតកម្ពុជា បន្តការសិក្សានៅប្រទេសចិន យ៉ាងច្រើនឡើងៗបន្ថែមទៀត។ លោកបន្តថា យើងបានរកឃើញថាមានសិស្សនិស្សិតកម្ពុជាមួយចំនួន មិនបានឈ្វេងយល់ឲ្យបានច្បាស់អំពីប្រព័ន្ធអប់រំរបស់ប្រទេសចិននោះទេ ដូច្នេះហើយយើងអញ្ជើញសាកលវិទ្យាលជាច្រើន នៅប្រទេសចិន មកផ្សព្វផ្សាយពីប្រព័ន្ធអប់រំរបស់ខ្លួន នៅប្រទេសកម្ពុជា​ និងផ្តល់អាហារូបករណ៍ ឲ្យសិស្សនិស្សិតកម្ពុជា បានទៅបន្តការសិក្សានៅប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង