ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់អាជ្ញាធរមីន ចូលរួម អបអរសាទរពិធីប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តទី១៣ អស់មីន

86

កំពង់ស្ពឺ . ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធាន ទី ១ អាជ្ញាធរ មីន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតអញ្ជើញ ជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន ជាមួយនឹងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃចន្ទ១រោច ខែអស្សុជ ឆ្នាំថោះបញ្ចកស័ក.ពស២៥៦៧ ត្រូវនិងថ្ងៃទី៣០ តុលា ឆ្នាំ២០២៣ ។
ឯកឧត្ដម ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងឱ្យ ប្រជាជនខេត្តកំពង់ស្ពឺ ក៏ដូចជាប្រជាជនកម្ពុជា ទូទាំងប្រទេស បានអរគុណចំពោះ សម្តេចធិបតីហ៊ុន ម៉ាណែត ដែល បាន ទទួលយកនូវ គោលបំណងរបស់ប្រជាពល រដ្ឋ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន។ ការទទួលបានដីសុវត្ថិភាព និងការរស់នៅ ប្រកប ដោយសុវត្ថិភាព សុខក្សេមក្សាន្ត គឺជាគោលដៅចម្បងរបស់សម្តេច។ យើងខ្ញុំសូមសម្តែងនូវការគាំទ្រ និងគោរពជូនពរ សម្តេចធិបតីទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងបេសកកម្មដឹកនាំប្រទេសជាតិ។

ឯកឧត្ដម ទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា មុននឹង ឈានដល់ថ្ងៃនេះ ទឹកដីខេត្តកំពង់ស្ពឺ ជាអតីតសមរភូមិដ៏ក្តៅគគុកនាសម័យសង្គ្រាម ដោយ សារមុននឹង ភ្នំពេញធ្លាក់ក្នុងកណ្តាប់ដៃរបស់របបប្រល័យពូជសាសន៍ គឺគេត្រូវយកទឹកដីខេត្តកំពង់ស្ពឺឱ្យបានជាមុនសិន។ ក្នុងន័យនេះ ខេត្តកំពង់ស្ពឺ បានទទួលកេរមរតកពីសង្គ្រាម ជាសំណល់ជាតិផ្ទុះពីសង្គ្រាម ដ៏ច្រើនលើសលុប។
ឯកឧត្ដម បានបន្ដថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រជាជនខេត្តកំពង់ស្ពឺ បានទទួលនូវសេរីភាពរួចចាកផុតពីគំរាមកំហែងដោយសារមីន ហើយ ខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលត្រូវប្រកាសជាខេត្តអស់មីននៅទូទាំងប្រទេស ក្រោមម្លប់សន្តិភាពកើតចេញពី នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។
ចាប់ពីឆ្នាំ១៩៩៣ ខេត្តកំពង់ស្ពឺ មានប្រតិបត្តិករចំនួន ៥ បានធ្វើការបោសសម្អាតទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រួមមាន បញ្ជាការដ្ឋានកងទ័ពជើងគោក អង្គភាពស៊ីម៉ាក់ មជ្ឈ មណ្ឌលជាតិរក្សាសន្តិភាព អង្គការហេឡូត្រាស់ និងអង្គការម៉ែក ក្នុងទំហំផ្ទៃដីជាង ៦៨ គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣៣.៥៦១ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៣៣៩ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ១៥៩.៤៦២ គ្រាប់។

សមិទ្ធផលខេត្តកំពង់ស្ពឺអស់មីននាថ្ងៃនេះ គឺបានមកពីការដឹកនាំ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមដ៏សប្បុរសផ្នែកហិរញ្ញវត្ថុពីបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា រួមមាន មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ចក្រភពអង់គ្លេស សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា និងអង្គភាពខ្មែរថាមន៍ ក្នុងនោះចំពោះខេត្ត និងប្រជាជនខេត្តកំពង់ស្ពឺ សម្តេចធិបតី បានបរិច្ចាគថវិកាផ្ទាល់ខ្លួនដ៏ថ្លៃថ្លាបំផុតចំនួន ១ម៉ឺនដុល្លារ ក្នុងវិភាគទានជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ផងដែរ។
ខេត្តកំពង់ស្ពឺ ក៏ជាសក្ខីភាពមួយដ៏អស្ចារ្យ ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អតីតមេបញ្ជាការ កងទ័ពជើងគោក បានយកចិត្តទុកដាក់មុនគេ ក្នុងការអនុញ្ញាតឱ្យនាយទាហាន ចូលរួមក្នុងការងារបោសសម្អាតមីនមនុស្សធម៌ កាលពីឆ្នាំ២០២២ នៅស្រុកភ្នំស្រួច ក្រោមការគាំទ្រពី “គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន”។

ក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសរបស់សហគមន៍ផ្តល់ជំនួយ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ជាពិសេសវីរបុរស-វីរនារីដោះមីនយើង ដែលបានគាំទ្រ បំពេញការងារ និងបន្តឈរជាមួយកម្ពុជា ក្នុងគោលដៅឱ្យកម្ពុជារួចចាកផុតពីគ្រាប់មីន។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ដល់កិច្ចប្រតិបត្តិការបោសសម្អាតមីន ក្នុងភូមិសាស្រ្ត ខេត្តកំពង់ស្ពឺ។
ជាមួយនឹងការប្រកាសខេត្តកំពង់ស្ពឺអស់មីន នាថ្ងៃនេះ កម្ពុជាមានមហិច្ឆតាត្រូវបោសសម្អាត ឲ្យអស់ត្រឹមឆ្នាំ២០២៥ ក្នុងទំហំផ្ទៃដីមានមីន៥៣៨ គីឡូម៉ែត្រក្រឡា និងយុទ្ធភណ្ឌគ្រឿងផ្ទុះដទៃ ទៀត ចំនួន១២៧៩ គីឡូម៉ែត្រក្រឡា នឹងត្រូវបន្តដោះស្រាយក្រោយឆ្នាំ២០២៥។
អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល នឹងបន្តគ្រប់គ្រង ដឹកនាំ និងខិតខំសហការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញអនុវត្តន៍នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ឱ្យអស់ពីទឹកដីកម្ពុជានាពេលអនាគត ៕. សំរិត

 

អត្ថបទដែលជាប់ទាក់ទង