ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការ ធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន រកឃើញមន្រ្តីនគរបាលខេត្តព្រៃវែង ចំនួន ១១ នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

51

 

ព្រៃវែង ៖ ស្នងការដា្ឋននគរបាលខេត្តព្រៃវែង នៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៣នេះបានចេញសេចក្តីបំភ្លឺព័ត៍មានថា
ក្នុងពេលថ្មីៗនេះ មានការចែករំលែកព័ត៌មានមិនច្បាស់លាស់លើបណ្តាញសង្គម ស្ដីពីការឃាត់ខ្លួន មន្ត្រីនគរបាលខេត្តព្រៃវែងចំនួន ១១ នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន បញ្ជូនទៅមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ។

ពាក់ព័ន្ធខ្លឹមសារខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការបកស្រាយជូនសាធារណៈ ជនទាំងអស់មេត្តាជ្រាបថា៖ ដោយមានការចង្អុលដឹកនាំពី អគ្គស្នងការនគរបាលជាតិកម្ពុជា ចាប់ពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកយុទ្ធនាការ ធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង ។ ជាលទ្ធផលគិតត្រឹមថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៣ ក្រុមការងារបានស្វែង រកឃើញមន្ត្រីនគរបាលដែលជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ១១ នាក់ ។

ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជូនមន្ត្រីនគរបាលទាំង ១១ នាក់នោះទៅកាន់ មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ដោយឡែកចំពោះរូបភាពអនុវត្តវិន័យយ៉ាងណានោះ ស្នងការដ្ឋាននគរបាលខេត្តនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត តាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំនាពេលក្រោយ ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណ និងត្រៀមជាស្រេចដោយក្តីរីករាយ ដើម្បីទទួល រាល់កិច្ចសហការ មតិរិះគន់ស្ថាបនាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្ដាញសារព័ត៌មាន ដែលកន្លងមក បានចូលរួមសហការ និងបន្តសហការក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងសំរិតសំរាំងដល់មន្ត្រីនគរបាល។

សូមរំលឹកថា ក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បាននឹងកំពុងបន្តយុទ្ធនាការធ្វើការតេស្តពិនិត្យវិភាគស្វែងរកសារធាតុញៀន ពីមន្ត្រីនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ និងមន្ត្រីនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ ទូទាំងខេត្តព្រៃវែង ចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ តទៅ ។

សូមជម្រាបថា យុទ្ធនាការត្រួតពិនិត្យស្វែងរកសារធាតុញៀនចំពោះមន្ត្រីនគរបាលខេត្តព្រៃវែង នឹងធ្វើដោយការយកចិត្តទុកដាក់ជាទីបំផុត និងធ្វើចំពោះមន្ត្រីគ្រប់រូបដែលមានក្របខ័ណ្ឌក្នុងខេត្តព្រៃវែង មិនគិតពីតួនាទី បុណ្យស័ក្កិ ឬជាអ្វីឡើយ ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ការតេស្តពិនិត្យស្វែងរកសារធាតុញៀន ពីមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង នេះ គឺមិនមែនធ្វើតែម្ដងនេះឡើយ គឺស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នឹងរៀបចំធ្វើយុទ្ធនាការនេះជាបន្តបន្ទាប់ទៀត ដោយមិនមានការជូនដំណឹងទុកជាមុនឡើយ ។ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នឹងធ្វើការប្រកាសអាសន្នភ្លាមៗ បើករណីមន្ត្រីនគរបាលរូបណាគេចវេស ឬអវត្តមានមិនមកធ្វើតេស្តពិនិត្យ នោះក្រុមការងារត្រួតពិនិត្យ អាចសន្និដ្ឋានបានថា មន្ត្រីនគរបាលរូបនោះ មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង