ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ចិន ចាប់ផ្តើមបើក «សមយុទ្ធនាគមាស លើកទី៧» ដោយមានកម្លាំងចូលរួមជាង២ពាន់នាក់ និងសព្វាវុធទំនើបៗ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»

24

កំពង់ឆ្នាំង៖ពិធីបើកជាផ្លូវការនូវសមយុទ្ធនាគមាស ឆ្នាំ២០២៥ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដោយមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាង ២ពាន់នាក់ រួមជាមួយនឹងយុទ្ធោបករណ៍យោធាទំនើបៗ នៅលើទឹកដីកម្ពុជា។
សមយុទ្ធនាគមាសលើកទី៧នេះ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ការពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរ នៅក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
សមយុទ្ធនាគមាសឆ្នាំ២០២៥នេះ ត្រូវចែកចេញជា២ផ្នែក ដោយទី១៖ សមយុទ្ធលើគោកនិងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រនិងអាកាស នៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ដោយមានកម្លាំងទ័ពកម្ពុជា-ចិន សរុបជាង ២ពាន់នាក់ចូលរួម ព្រមទាំងមានការប្រើប្រាស់សព្វាវុធ គ្រឿងបំពាក់កាន់តែទំនើប ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលជាឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍នាពេលបច្ចុប្បន្ន។
ពិធីបើកសមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងចិនលើកទី៧នេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន នៅឯទីលាននៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
បើតាមឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយកទីចាត់ការហ្វឹកហ្វិន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីកងទ័ពកម្ពុជា បានបញ្ជាក់ថា ប្រតិបត្តិការសមយុទ្ធរួមគ្នា កម្ពុជា-ចិន លើកទី៧ លើដីគោក និងអាកាស ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ រីឯសមយុទ្ធកងទ័ពជើងទឹក និងអាកាសកម្ពុជា-ចិន និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្ទៃសមុទ្ររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
គួររម្លឹកថាកងយោធពលខេមរភូមិន្ទ និងកងទ័ពព្រំដោះប្រជាជនចិន នៅរៀងរាល់ឆ្នាំតែងតែរៀបចំធ្វើសមយុទ្ធរួមគ្នា នាគមាសប្រចាំឆ្នាំ។ សម្រាប់ឆ្នាំ២០២៥នេះ, បើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ច្បាស់ថា សម្រាប់ឆ្នាំនេះ ប្រតិបត្តិការសមយុទ្ធមិត្តភាពកម្ពុជា-ចិន មានកម្លាំងកងទ័ពភាគីប្រទេសទាំងពីរចូលរួមក្នុងសមយុទ្ធនេះ មានរហូតដល់ទៅជាង ២,០០០នាក់ ក្នុងនោះភាគីកងទ័ពរំដោះប្រជាជនចិន មានរហូត ៨៤៥នាក់ឯណោះ។ ដោយឡែកសពា្វវុធ និងគ្រឿងបំពាក់យុទ្ធោបករណ៍សម្រាប់បម្រើឱ្យសកម្មភាពប្រតិបត្តិការសមយុទ្ធវិញ ភាគីកងទ័ពកម្ពុជា ប្រើប្រាស់កាំភ្លើងធំ, កាំភ្លើងត្បាល់, រថពាសដែក, រថយន្តសង្គ្រោះ, រថយន្តដឹកជញ្ជូនទ័ពចល័ត, នាវាល្បាតលើលំហសមុទ្រ, ឧត្ថម្ភាគចក្រ និងអាវុធធុនធ្ងន់ធនស្រាលមួយចំនួនធំទៀត។
រីឯភាគីកងទ័ពរំដោះប្រជាជនចិន ប្រើប្រាស់កាំភ្លើងធំប្រតិកម្មចល័តលើរថយន្ត, កាំភ្លើងក្បាល, យន្តយុទ្ធកង់កៅស៊ូ, រថពាសដែកកង់ច្រវាក់, រថយន្តដឹកនាំបញ្ជា C5, គ្រឿងយន្តគ្មានមនុស្សបើក, មនុស្សយន្ត, ឆ្កែយន្ត, ឧត្ថម្ភាគចក្រ, នាវាចម្បាំង, នាវាបុកឡើងគោក, ដ្រូនស៊ើបការ, ដ្រូនវាយលុក, អាវុធធុនធ្ងន់-ស្រាល និងបរិក្ខារស៊ើបការណ៍, បរិក្ខារសុខាភិបាលវេជ្ជសាស្ត្រ, សម្ភារៈបំផ្ទុះ និងគ្រាប់រំសេវមួយចំនួនធំទៀត។
សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺមានបានចំនួន៧ លើករួចមកហើយ។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងនៅឆ្នាំ២០២១-២០២២ ដែលប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩។
នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិននេះ ក៏ដូចជាសមយុទ្ធកន្លងមក គឺធ្វើឡើងដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម ហើយមិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ
លោកបន្តថា៖ «សមយុទ្ធនាគមាសឆ្នាំ២០២៥ គឺជាការឆ្លុះបញ្ចាំងអំពីផ្លែផ្កានៃមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាពិសេសក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមេសា កន្លងទៅ បានជំរុញកាន់តែខ្លាំងក្លានូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»៕

អត្ថបទដែលជាប់ទាក់ទង