ឯកឧត្ដមកើត ឆែ៖ស្មៀនដើរតួនាទីចម្បងចំនួន២ ជាអ្នកសម្របសម្រួលការងារ រដ្ឋបាលផ្ទៃក្នុង នៃរដ្ឋបាលសង្កាត់ផង និងជាអ្នកសម្របសម្រួល ប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋនៅ មូលដ្ឋានផង
ភ្នំពេញ៖ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានសូមឱ្យស្មៀនសង្កាត់ទាំង១០៥ ចូលរួមថែរក្សាសមិទ្ធផលដែលរកបានមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជា អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នោះគឺសន្តិភាពនៅកម្ពុជា។សន្តិភាពនេះហើយបានធ្វើឱ្យយើងមានឱកាសធ្វើអ្វីៗគ្រប់យ៉ាងរហូតមកដល់សព្វថ្ងៃនេះ។
ការស្នើសុំបែបនេះរបស់ ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី១៦មិថុនាឆ្នាំ២០២៥ ខណៈលោកបានអញ្ជើញជាតំណាង ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី «កិច្ចការស្មៀន» នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមកើត ឆែ ក៏បានថ្លែងនូវការអរគុណចំណោះសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលកន្លងមក តែងតែបានធ្វើការបណ្តុះបណ្តាលបុគ្គលិក-មន្ត្រីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ។
ឯកឧត្ដមកើត ឆែ បានមានប្រសាសន៍បន្តទៀតថា៖ ស្មៀនបានដើរតួនាទីចម្បងចំនួន២ ជាអ្នកសម្របសម្រួលការងារ រដ្ឋបាលផ្ទៃក្នុង នៃរដ្ឋបាលសង្កាត់ផង និងជាអ្នកសម្របសម្រួល ប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋនៅ មូលដ្ឋានផង។ការបង្កើតនូវយន្តការច្រក ចេញចូលតែមួយនៅថ្នាក់សង្កាត់ កាលពីឆ្នាំ២០២២ បានធ្វើឱ្យទំហំការងាររបស់ស្មៀន កាន់តែច្រើនឡើងទ្វេដង ហើយនៅប៉ុន្មានឆ្នាំចុង ក្រោយនេះ ស្មៀនក៏ទទួលបាននូវការបណ្តុះបណ្តាលលើការងារឌីជីថល, ការងាររបៀប និងគ្រប់គ្រងឯកសាររដ្ឋបាល និងការបណ្តុះបណ្តាលលើជំនាញទន់ រួមមាន «ការ អភិវឌ្ឍផ្នត់គំនិត, Mindset » និង «ភាពជាថ្នាក់ដឹកនាំ, Leadership»ផងដែរ។
ឯកឧត្ដមកើត ឆែ ក៏បានបញ្ជាក់ផងដែរថា៖ វគ្គបណ្តុះបណ្តាលក្នុងថ្ងៃនេះ នឹងផ្តោតលើទិដ្ឋភាព សំខាន់២ នោះគឺ ទី១ តួនាទី ភារកិច្ច របៀបរបបការងាររបស់ស្មៀន និងកិច្ចការរដ្ឋបាលឃុំ សង្កាត់ និង២ ការរំលឹកឡើងវិញនូវក្រមសីលធម៌ វិជ្ជាជីវៈការងារ និងឥរិយាបថមន្ត្រីរាជការ ដែលស្មៀនត្រូវប្រកាន់ខ្ជាប់។
ឯកឧត្ដមសូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា៖ ស្មៀនសង្កាត់នៅភ្នំពេញ គឺសុទ្ធតែមនុស្សមានចំណេះដឹងខ្ពស់ ពោលគឺស្ទើតែ៨០ភាគរយទៅហើយ ជាស្មៀនដែលមានសញ្ញាបត្របរិញ្ញឡើងទៅ។ ការបណ្តុះបណ្តាលស្មៀននាពេលនេះ ដើម្បីឱ្យស្មៀនទទួលបាននូវចំណេះដឹងជាមូលដ្ឋាន ចេះពីកិច្ចការងារអភិវឌ្ឍមូលដ្ឋានក្រមសីលធម៌ វិជ្ជាជីវៈការងារ និងកិច្ចការងារសហការជាមួយដៃគូរអភិវឌ្ឍន៍៕