សម្តេចតេជោ៖ព្រំដែនកងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃ ត្រូវតែជាអ្នកបើក, កម្ពុជាមិនត្រូវការចរចានោះទេ
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ច្បាស់ៗថា ចំពោះបញ្ហារឿងព្រំដែន ដែលខាងកងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃ ត្រូវតែជាអ្នកបើក ហើយកម្ពុជាមិនត្រូវការចរចានោះទេ ព្រោះថាពេលបិទ បិទដោយខ្លួនឯង ពេលបើកហៅកម្ពុជាទៅចរចា។
ថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អំពីបញ្ហាការបើកច្រក រឿងនេះ ខ្ញុំសូមបញ្ជាក់ជូនថា ការបើកច្រក គឺកងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃ ត្រូវតែជាអ្នកបើក ហើយកម្ពុជាមិនត្រូវចរចា ទៅលើបញ្ហានោះទេ»។
បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា មានសំណើរសុំឲ្យមានការចរចា ក៏ប៉ុន្ដែវាសាកសមទេ សម្រាប់ការចរចារឿងបែបនេះ ព្រោះថា ការរំលោភលើកិច្ច ព្រមព្រៀង រវាងប្រទេសទាំងពីរ ទៅលើបញ្ហាច្រកព្រំដែន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ពេលបិទ បិទខ្លួនឯង ពេលបើកបបួលចរចា» ដើម្បីកុំឲ្យបាក់មុខ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាមានសេចក្តីថ្លៃថ្នូរ មានកិត្តិយស មានការទទួលខុសត្រូវ កុំហៅកម្ពុជា ទៅចរចាបាក់មុខជាមួយ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា កម្ពុជាសម្រេចពន្យារពេល២៤ម៉ោង ក្នុងការបិទច្រកព្រំដែន នៅទូទាំងប្រទេសជាមួយថៃ បន្ទាប់ពីមានការជជែក តាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ។ បើថ្ងៃនេះថៃ មិនបើកច្រកព្រំដែនប្រក្រតីឡើងវិញទេ គឺកម្ពុជានឹងបិទគ្រប់ច្រកតែម្តង។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យពលរដ្ឋថៃ ទៅតវ៉ាជាមួយយោធាថៃ រឿងបិទច្រកព្រំដែន ព្រោះនេះ ជាការបំពានច្បាប់របស់យោធាថៃ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា បើថៃបើកនៅម៉ោង ១យប់ យូរបំផុតត្រឹម៥ម៉ោងកម្ពុជាបើក។ បើពេលថ្ងៃវិញ ក្រោយថៃបើក ត្រឹមតែ១ម៉ោង ឬ២ម៉ោង គឺកម្ពុជាបើកវិញហើយ។ សម្តេចតេជោ បានថ្លែងថា ថៃ ជាអ្នកបិទច្រក ដូច្នេះថៃបើកទៅ គឺចប់ហើយ។ ថៃជាអ្នកចង ថៃត្រូវតែជាអ្នកស្រាយ កម្ពុជាមិនទៅស្រាយជាមួយឡើយ។
លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ការបិទមិនឱ្យថៃ នាំទំនិញចូលមកកម្ពុជា គឺមានលទ្ធភាពខ្ពស់៕