សម្ដេចមហាបវរធិបតី៖អភិបាលរាជធានី ខេត្ត ត្រូវសកម្មចូលរួមចំណែកជំរុញការផ្តល់សេវានានាដល់ ជនមានពិការភាពឲ្យកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសារក្នុងឱកាសទិវាជនមាន ពិការ ភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» បានដាក់ចេញការណែនាំ១០ចំណុច ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងគាំពារជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា។
ក្នុងសារលិខិតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំដូចខាងក្រោម៖
១៖ ក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវបន្តផ្សព្វផ្សាយ តាមដាន និងវាយតម្លៃការអនុវត្ត «ផែនការយុទ្ធសាស្ត ជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការ ដៃគូ វិស័យឯកជន និងតួអង្គពាក់ព័ន្ធនានា
២៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ វិស័យឯកជន និងតួអង្គ ពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨» ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលដោយដាក់បញ្ចូលការងារពិការភាពទៅក្នុងគោលនយោបាយ និងកម្មវិធីអភិវឌ្ឍនានារបស់ខ្លួន និងធ្វើរបាយការណ៍ជូនក្រុមប្រឹក្សាសកម្មភាពជនពិការជាប្រចាំ
៣៖ ក្រសួង ស្ថាប័នដែលបានបង្កើតក្រុមការងារសកម្មភាពជនពិការរួចហើយ ត្រូវបង្កើន និងពង្រឹងប្រសិទ្ធភាពការងារដោយរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ និងត្រូវកែសម្រួលសមាសភាពជាប្រចាំ តាមស្ថានភាព ប្រែប្រួលជាក់ស្តែង នៃក្រសួង ស្ថាប័ននីមួយៗ។ ដោយឡែក ក្រសួង ស្ថាប័ន ដែលមិនទាន់បានបង្កើតក្រុមការងារសកម្មភាពជនពិការ ត្រូវបង្កើត និងរៀបចំសមាសភាពឲ្យសមស្របទៅតាមបរិបទការងារនៃក្រសួង ស្ថាប័នរបស់ខ្លួន
៤៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ផ្នែក អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ដែលមានការទទួលខុសត្រូវ និងគ្រប់គ្រងសំណង់អគារ និងទីធ្លាសាធារណៈនានាត្រូវចាប់ផ្ដើមកែសម្រួល ឬរៀបចំផាសុកវត្ថុសម្រាប់ ជនមានពិការភាពនៅតាមសំណង់អគារ និងទីធ្លាសាធារណៈទាំងនោះ ដើម្បីឲ្យជនមានពិការភាពគ្រប់ប្រភេទអាចចេញចូល ចុះឡើង និងប្រើប្រាស់បានស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការដោយឈរលើបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព
៥៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តសហការគ្នាឲ្យបានល្អ ដើម្បីផ្ដល់បណ្ណបើកបរដល់ជនមានពិការភាព ដោយគ្មានឧបសគ្គ ឬការរើសអើងអ្វីឡើយ ឲ្យស្រមតាមប្រកាសអន្តរក្រសួងស្តីពីលក្ខខណ្ឌ នៃការចេញបណ្ណបើកបរសម្រាប់ ជនមានពិការភាព។ ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធនានា រួមទាំងវិស័យឯកជន ដែលទទួលខុសត្រូវលើ មធ្យោបាយដឹកជញ្ជូនសាធារណៈទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ត្រូវរៀបចំឬកែសម្រួលមធ្យោបាយ ដឹកជញ្ជូនសាធារណៈទាំងអស់នោះ ដើម្បីឲ្យជនមានពិការភាពអាចប្រើប្រាស់បាន
៦៖ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការគ្នាឲ្យបានល្អបំផុត ក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មតាមគំរូវេជ្ជសាស្ត្រ និងស្តារលទ្ធភាពពលកម្មតាមគំរូសង្គមប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ ជូនជនមានពិការភាពដែលក្រីក្រ ដូចបានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល
៧៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវបន្តជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន និងផ្តល់បណ្ណសំគាល់ជនមានពិការភាព ជូនជនមានពិការភាពគ្រប់រូប ដើម្បីពួកគាត់អាចប្រើប្រាស់បណ្ណស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងការទទួលបានផលប្រយោជន៍នានាពីសង្គម
៨៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញឲ្យវិស័យឯកជន អង្គការសង្គមស៊ីវិល ទទួលយកជនមានពិការភាព ចូលបម្រើការងារតាមអត្រាកំណត់ និងពិន័យអន្តរកាណ៍ចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការសង្គមស៊ីវិល ដែលមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងច្បាប់
៩៖ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវសកម្មចូលរួមចំណែកជំរុញការផ្តល់សេវានានាដល់ ជនមានពិការភាពឲ្យកាន់តែមានប្រសិទ្ធភាព ដោយប្រើប្រាស់យន្តការអន្តរវិស័យ ដែលមានស្រាប់ គឺក្រុមប្រឹក្សាសកម្មភាពជនពិការនៅតាមរាជធានី ខេត្តនីមួយៗ និងធ្វើរបាយការណ៍ជាប្រចាំជូនក្រុមប្រឹក្សាសកម្មភាព ជនពិការនៅថ្នាក់ជាតិ ដើម្បីបូកសរុបជារបាយការណ៍ជាតិស្តីពីពិការភាពនៅកម្ពុជា
១០៖ អាជ្ញាធរក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវលើកផែនការសកម្មភាព និងថវិកាទៅក្នុងផែនការអភិវឌ្ឍ ក្រុង ស្រុក និងឃុំ សង្កាត់ ដែលពាក់ព័ន្ធនឹងការងារបរិយាបន្នពិការភាព ស្របតាមលិខិតបទដ្ឋានស្តីពីការផ្ទេរ ធនធានពីថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់៕
