ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋខណ្ឌព្រែកព្នៅភាគច្រើនស្នើសុំធ្វើផ្លូវនិងប្រព័ន្ធ⁣លូមេ  ខណៈមួយចំនួនទៀតស្នើពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ជាតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់

89

ភ្នំពេញ៖នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌព្រែកព្នៅនាព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ មានប្រជាពលរដ្ឋជាច្រើនបានលើកជាសំណើ និងសំណូមពរពាក់ព័ន្ធទៅនឹងស្នើសុំធ្វើផ្លូវនិងប្រព័ន្ធ⁣លូមេ  ខណៈមួយចំនួនទៀតស្នើពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី  ដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ 

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្នុងខណ្ឌព្រែកព្នៅនេះបានធ្វើឡើងក្រោម អធិបតីភាពឯកឧត្តម ម៉ប់ សារិន្ទ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញតំណាង ឯកឧត្តមឃួងស្រេងអភិបាលរាជធានីភ្នំពេញ។

នៅក្នុងវេទិកានេះដែរក៏មានប្រជាពលរដ្ឋ

បានស្នើសុំស្ថាបនាផ្លូវ ដាក់ប្រពន្ធលូមេ និងភ្លើងបំភ្លឺផ្លូវនៅពេលរាត្រី នៅសង្កាត់ពញាពន់ ពន្សាំង កប់ស្រូវ  និងសង្កាត់សំរោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឆ្លើយតបទៅនឹងសំណើនិងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនេះ ឯកឧត្ដម ឆាយ វីរៈ  អភិបាលរងរាជធានីភ្នំពេញបាន ជំរុញឱ្យមន្ត្រីជំនាញចុះដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមឆាយ វីរៈ បានណែនាំឲ្យអភិបាលខណ្ឌព្រែកព្នៅនិងមន្ត្រីសុរិយោដីត្រូវរិះរកមធ្យោបាយដោះស្រាយបញ្ហាផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានលឿន នៅក្នុងខណ្ឌ ហើយ បង្ខិតសេវាឲ្យកាន់តែកៀក កាត់បន្ថយភាពស្មុគស្មាញដើម្បីឲ្យប្រជាពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិនេះ  និងមិនលើកបញ្ហានេះនៅវេទិកាលើកក្រោយទៀតឡើយ  ។ខណៈនោះដែរ ការវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅនេះ បានរួចរាល់ព្រមទាំងផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានមួយភាគធំរួចហើយដែរ។

ជាមួយគ្នានេះចំពោះសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការធ្វើផ្លូវ ធ្វើលូមេ និងភ្លើងបំភ្លឺផ្លូវនៅពេលរាត្រី តំណាងមន្ទីរសាធារណនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអះអាង ពីការត្រៀមបញ្ជូនមន្ត្រីជំនាញចុះទៅសិក្សាលំអិតនៅសប្តាហ៍ក្រោយនេះ រួមទាំងការធ្វើរបាយការណ៍បញ្ជូនទៅឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍អនុវត្តបន្ត។ 

សូមបញ្ជាក់ថា នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅក្នុងខណ្ឌព្រែកព្នៅ គឺមានប្រជាពលរដ្ឋបានលើកជាសំណើនិងសំណូមពរផ្ទាល់មាត់ចំនួន ៧ នាក់ស្មើនឹង ១៤ បញ្ហា  និងជាលាយលក្ខណ៍អក្សរចំនួន ៣៩ សំណើ៕

Screenshot
អត្ថបទដែលជាប់ទាក់ទង