ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញថ្វាយសារលិខិតអបអរសាទរព្រះមហាក្សត្រក្នុងឱកាសដែលព្រះអង្គបានចូលជាសមាជិកនៃបណ្ឌិតសភាវិទ្យាសាស្ត្រនៅទីក្រុងប៉ារីសប្រទេសបារាំង

79

ភ្នំពេញឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទូលថ្វាយសារលិខិតសម្តែងនូវសេចក្តីរំភើប និងអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គ បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទសម្តែងថ្វាយ នូវមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ក្នុងវរោកាសដ៏វិសេសវិសាល ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានយាងចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅរដ្ឋធានីប៉ារីស នៃសាធារណរដ្ឋបារាំង កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ។

ឆ្លៀតក្នុងវរោកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តីរំភើប និងអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ដែលការយាងចូលជាសមាជិកសមាគត នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រនាពេលនេះ បានធ្វើឱ្យព្រះរាជកិត្តិនាមរបស់ព្រះអង្គកាន់តែល្បីសុសសាយ ស្ញប់ស្ញែង ពោរពេញទៅដោយសេចក្តីគោរពស្រឡាញ់ពីសំណាក់ប្រជារាស្ត្រកម្ពុជា និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទាំងមូលមានមោទនភាពក្រៃលែងដែលទទួលបាននូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមនៅលើឆាកជាតិ និងអន្តរជាតិ។

ស្ថិតក្នុងវេលាដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ និងសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំព្រះសព្វសាធុការពរជ័យ គ្រប់ប្រការថ្វាយជូន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ និងទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងព្រះរាជបេសកកម្មថ្មី នៅក្នុងបណ្ឌិត្យសភា វិទ្យាសាស្ត្រឯនាយសមុទ្រ។សូមព្រះករុណាថ្លៃវិសេសជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវភក្ដីភាពដ៏ស្មោះស្ម័ត្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា៕

Screenshot
អត្ថបទដែលជាប់ទាក់ទង