ធនាគារ អេស៊ីលីដា ឧបត្ថម្ភអង្ករចំនួន៥០តោនជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ដឹកជញ្ជូនយកទៅបែងចែកជូនដល់វីរកងទ័ពជួរមុខនិងពលរដ្ឋជនភៀសសឹករួមជាមួយសប្បុរសជនមួយចំនួនទៀត
ភ្នំពេញ៖ធនាគារ អេស៊ីលីដា បានឧបត្ថម្ភអង្ករចំនួន៥០តោនជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ដឹកជញ្ជូនយកទៅបែងចែកជូនដល់វីរកងទ័ពជួរមុខនិងពលរដ្ឋជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា នៅតាមបណ្ដាខេត្តតាមព្រំដែន ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជា ដោយប្រើF16ទំលាក់និងបាញ់ផ្លោងគ្រាប់ចូលភូមិដ្ឋានប្រជាពលរដ្ឋស្លូតត្រង់មិនដាច់។
ពិធីប្រគល់និងទទួលអង្ករខាងលើបានធ្វើឡើងនារសៀលថ្ងៃទី១៩ធ្នូ២០៥នេះ ក្រោមវត្តមាន ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកបណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង ក្នុងឱកាសនោះថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត អ៊ុន ចាន់នី ដែលបានឧបត្ថម្ភអង្ករ ចំនួន ៥០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយ ភាពអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា។
ឯកឧត្ដមអភិបាលបន្តថា៖ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខ ទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីលើនេះសប្បុរសជន មន្ត្រីរាជការតាមស្ថាប័នរដ្ឋ អាជ្ញាធរខណ្ឌ និងបណ្តាផ្សារនានា ក៏នៅតែសម្រុកមកចូលរួម ចែករំលែក ក្នុងការបរិចាកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួនផងដែរ ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកផងដែរ។ សំរាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។
នៅថ្ងៃដដែលនេះដែរឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយឯកឧត្ដមនិងលោកជំទាវអភិបាលរងរាជធានីបានបន្តទទួលអំ
ណោយពីសប្បុរសជន ស្ថាប័នរដ្ឋ ពីអាជ្ញារខណ្ឌ ក្រុមហ៊ុនឯកជនមួយចំនួន ក្រុមបងប្អូនអាជីករនានាជាច្រើនទៀតបានបន្តនាំយកអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ។រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តទទួលអំណោយរបស់បងប្អូនសប្បុរសជននៅសាលារាជធានីភ្នំពេញ៕
