ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាថៃបន្តបាញ់កាំភ្លើងធំ DTI-2 កាំភ្លើងត្បាល់និងដ្រូនព្រមទាំងចល័តរថក្រោះចូលតំបន់ប្រាសាទតាមាន់គោល៨, តាថាវ, ភ្នំខ្មោច, ជាំតែនិងតំបន់ប្រាសាទព្រះវិហារ, ចូលតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី តំបន់ថ្មដូន និងប្រាសាទខ្នារ 

101

ភ្នំពេញ_ព្រំដែន៖អ្នកនាំពាក្យក្រសួងការពារជាតិ បានរាយការណ៍ពីស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ យោធាថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១២:០០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥។

ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥
–  ម៉ោង ១៩:៣៥នាទី យោធាថៃបានបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទតាមាន់។
–  ម៉ោង ១៩:៥៥នាទី យោធាថៃបានបាញ់ផ្លោង, ប្រើប្រាស់រថក្រោះបាញ់បុក និងកាំភ្លើងយន្តលើរថក្រោះចូលភូមិសាស្ត្រជាំតែ។ 

* ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥
–  ម៉ោង ៥:០០នាទី ដល់ម៉ោង ៦:០០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំ រថក្រោះ កាំភ្លើងដៃ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រប្រាសាទតាមាន់។ 
–  ម៉ោង ៧:០០នាទី ដល់ម៉ោង ៨:០០នាទី យោធាថៃបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់។ 
–  ចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំ DTI-2 កាំភ្លើងធំផ្លោងពីចម្ងាយ, កាំភ្លើងត្បាល់ និងដ្រូនជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងបានផ្លោងចូលភូមិសាស្ត្រគោល៨, តាថាវ, ភ្នំខ្មោច, ជាំតែ និងបន្តបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់យ៉ាងគំហុក។ 

ក្រសួងការពារជាតិ បានបញ្ជាក់ថា មកដល់ម៉ោងនេះនៅតាមទីតាំងមួយចំនួន យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។យោធាឈ្លានពានសៀម បន្ដបាញ់ផ្លោងចូលតំបន់ប្រាសាទតាមាន់ តាក្របី ថ្មដូន និងប្រាសាទខ្នារ។

គិតត្រឹមម៉ោង១២៖៥២នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃឈ្លានពាន បានបន្ដបាញ់ផ្លោងអាវុធធន់ធ្ងន់ ចូលតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី តំបន់ថ្មដូន និងប្រាសាទខ្នារ ដើម្បីបំពេញមហិច្ឆតាឈ្លានពានដែនអធិបតេយ្យកម្ពុជា។

កម្លាំងជួរមុខរបស់កម្ពុជា នៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិ ពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ដោយការធ្វើការតបតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង