ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនស៊ីវិលកម្ពុជាស្លាប់២១នាក់និងរបួសកើនដល់៨៣នាក់ក្រោយថៃឈ្លានពានវាយប្រហារចំនួន១៦ថ្ងៃ

96

ភ្នំពេញ៖មកដល់ម៉ោង៨ព្រឹកថ្ងៃទី២៣ខែ

ធ្នូ២០២៥នេះ យោធាថៃនៅតែបន្តបាញ់ផ្លោងចូលទីតាំងមួយចំនួន រួមទាំងក្រុងប៉ោយប៉ែត ដែលការឈ្លានពានឈានដល់ថ្ងៃទី១៧ បណ្តាលឱ្យជនស៊ីវិលខ្មែរស្លាប់កើនឡើងដល់២១នាក់ របួសជាង៨៣នាក់ ជនភៀសសឹកកើនដល់ជាង៥៤ម៉ឺននាក់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានបំផ្លាញដោយគ្រាប់ផ្លោងនិងយន្តហោះចម្បាំងថៃ។

នេះបើតាមការធ្វើបច្ចុប្បន្នភាព រប់សក្រសួងការពារជាតិ ដោយគិតចាប់ពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥ ដែលយោធាថៃ បានបើកការឈ្លានពានមកលើកម្ពុជា ដោយប្រើអាវុធធុនធ្ងន់បាញ់ផ្លោងនិងប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចង្កោម បាញ់ផ្សែងពុល ចូលទីតាំងកងទ័ពឈរជើងនៅជួរមុខ និងតំបន់ជនស៊ីវិល។

អ្នកនាំពាក្យក្រសួងការពារជាតិលោកជំទាវម៉ាលី សុជាតា និយាយថា គិតមកដល់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០២៥មានចំនួន១៧ថ្ងៃហើយ ដែលយោធាថៃ នៅតែបន្តឈ្លានពានកម្ពុជា រំលោភលើបទឈប់បាញ់ រំលោភសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាព រវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបាន ចុះថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៥។

ពាក់ព័ន្ធនឹងអំពើគំរាមកំហែងឈ្លានពានកម្ពុជា ពីសំណាក់យោធាថៃវិញ លោកជំទាវបន្តថា តំបន់មួយចំនួនរបស់កម្ពុជា ដូចជានៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ យោធាថៃនៅតែបន្តបាញ់ផ្លោលចូលរហូតមកដល់ម៉ោង៨ព្រឹកថ្ងៃអង្គារនេះ នៅមិនទាន់ឈប់នៅឡើយ។

បើតាមប្រភពនោះ នៅយោធភូមិភាគ៤ មានខេត្តឧត្តរមានជ័យ ព្រះវិហារ និងសៀមរាបជាដើម ចាប់ពីម៉ោង១២រំលងអាធ្រាត រហូរដល់ម៉ោង៥ទៀបភ្លឺ យោធាថៃ បានបាញ់កាំភ្លើងធំ រថក្រោះ ចូលក្នុងប្រាសាទតាមាន់ បាញ់ចូលប្រាសាទព្រះវិហារ តំបន់តាថាវ រហូតម៉ោង៨ព្រឹកនេះ ថៃនៅមិនទាន់ឈប់បាញ់ទេ។

ចំណែកស្ថានការណ៍ជួរមុខ នៅសមរភូមិយោធភូមិភាគទៅ៥ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់វិញ យោធាថៃ បានបើកការបាញ់ផ្លោងចាប់ពីម៉ោង៥ល្ងាចថ្ងៃទី២២ធ្នូរ រហូតមដល់ព្រឹកថ្ងៃទី២៣ខែធ្នូនេះ ដើម្បីឈ្លានពានកម្ពុជា។

លោកជំទាវបន្តទៀយថា យោធាថៃ បានបន្តបាញ់ផ្លោងចូលទីប្រជុំជនស៊ីវិលរស់នៅក្នុងសង្កាត់អូរឫស្សី ក្រុងប៉ោងប៉ែតខេត្តបន្ទាយមានជ័យ និងនៅម៉ោងជាង៨ព្រឹកនេះ យោធាថៃបានបន្តបាញ់ផ្លោងចំនួន២គ្រាប់ទៀត ដោយ១គ្រាប់ធ្លាក់នៅក្នុងសង្កាត់អូរឫស្សី និងមួយគ្រាប់ទៀត ធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

រីឯនៅខេត្តបន្ទាយមានជ័យវិញ យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិជោគជ័យ  ចំណែកនៅខេត្តបាត់ដំបង នៅយប់មិញនេះ ថៃបានបាញ់ផ្លោងចំនួន១៣គ្រាប់ ចូលក្នុងភូមិសាស្ត្រស្រុកតាស្នា ស្រុកសំពៅលូនខេត្តបាត់ដំបង និងបន្តវបាញ់ផ្លោងចូលតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់។

អ្នកស្រីថា៖«គិតមកដល់ម៉ោងនេះទីតាំងមួយចំនួនយោធាថៃនៅបន្តធ្វើសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយទេ។កងកម្លាំងរបស់យើងនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន»។

ជុំវិញការបាញ់ផ្លោងនេះ កម្ពុជាចាត់ទុកទង្វើឈ្លានរបស់យោធាថៃនេះថា ជាង្វើឃោរឃៅ ព្រោះថៃបានប្រើប្រាស់អាវុធយុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ ដូចជាយន្តហោះចម្បាំងF-16 នាវាចម្បាំង គ្រាប់បែកចង្កោម ផ្សែងពុល មកវាយប្រហារកម្ពុជា និងជនស៊ីវិល ។

សម្រាប់កម្ពុជា ទង្វើឈ្លានពានរបស់ថៃនេះ បានរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិមួយចំនួនទៀត ដែលកម្ពុជា ទាមទារ ឱ្យសហគមន៍អន្តរជាតិចាត់វិធានការ ដើម្បីឱ្យថៃទទូលខុសត្រូវ ចំពោះការរំលោភបំពាន ដែនអធិបតេយ្យកម្ពុជាងទាំងកំរោលនេះ។

យ៉ាងណា បើតាម សេចក្តីប្រកាសរបស់ប្រធានអាស៊ានអំពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជានិងថៃ ទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដែលមានសមាជិក ចំនួន១១ប្រទេសរួម មានទាំងកម្ពុជា និងថៃផងនោះ អាស៊ានមិនបានថ្កោលទោសការឈ្លានរបស់ថៃទេ ក្រៅពីជំរុញឱ្យភាគីទាំងពីរវិលទៅជជែកដោះស្រាយបញ្ហានេះ ដោយទ្វេភាគី ។

ជាការកត់សម្គាល់យន្តការទ្វេភាគីនេះ ភាគីថៃមិនដែលគោរពទេ ទោះមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨កក្ដដា ឆ្នាំ២០២៥ និងមានកិច្ចព្រមព្រៀងស្តីពីសន្តិភាពនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥ ដែលមានសហរដ្ឋអាមេរិកនិងប្រធានអាស៊ានធ្វើជាសាក្សីក្តី រហូតថៃ បើកការឈ្លានពានកម្ពុជា ជាទ្រង់ទ្រាយធំលើកទី២ចាប់ពីថ្ងៃទី៧ធ្នូរហូតបច្ចុប្បន្ន ធ្វើឱ្យជនស៊ីវិលខ្មែរស្លាប់និងរបួសសរុបជាង១០០នាក់ ភៀសសឹកជាង៥៤ម៉ឺននាក់ រួមទាំងថៃទម្លាក់គ្រាប់កម្ទេចប្រាសាទបូរាណខ្មែរដែលមានអាយុកាលជាង១០០០ឆ្នាំ និងកម្ទេចហេដ្ឋរចនាសម័ន្ធរាប់សឹបកន្លែងទៀត ត្រឹមរយៈពេលជាងកន្លះខែមកនេះ៕

អត្ថបទដែលជាប់ទាក់ទង