ម៉ោងជាង២រសៀលកងទ័ពអាកាសនៃយោធាថៃបន្ដយន្ដហោះចម្បាំង T-50 ទម្លាក់គ្រាប់ទៀតនៅក្បែរជើងភ្នំសំពៅធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចចាកចេញពីផ្ទះសម្បែងទៅសម្ងំតាមវាលស្រែ
បាត់ដំបង៖បើទោះបីមានកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន និងការទទូចពីសំណាក់អាមេរិក ចិន និងបណ្តាប្រទេសជាច្រើនឱ្យកម្ពុជា និងថៃ បញ្ឈប់ការផ្ទុះអាវុធរវាងគ្នាយ៉ាងណាក្តី តែកងទ័ពថៃនៅតែបន្តការ ទន្ទ្រានឈ្លានពានមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
ក្រៅពីការបាញ់ផ្លោងនៅតាមព្រំដែនហើយនោះ កងទ័ពអាកាសថៃ ក៏បានប្រើយន្តហោះ T50 ដែលទិញពីប្រទេសកូរ៉េខាងត្បូងមកទម្លាក់ គ្រាប់បែកចូលជ្រៅក្នុងទឹកដីកម្ពុជានៅខេត្តសៀមរាប ខេត្តបាត់ដំបង និងបន្ទាយមានជ័យផងដែរ។
នៅភូមិ-ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាភូមិឋានមាន ប្រជា ពលរដ្ឋរស់នៅយ៉ាងច្រើននោះ កងទ័ពអាកាសថៃ បានទម្លាក់គ្រាប់ បែក ជាច្រើនគ្រាប់។ ការទម្លាក់គ្រាប់បែកនេះ បានបង្កការភ័យខ្លាចយ៉ាង ខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ។ ការភ័យខ្លាចទម្ងន់គ្រាប់ធ្វើឱ្យប៉ះ ពាល់ដល់អាយុជីវិតនោះ ប្រជាពលរដ្ឋក្នុងភូមិក្មេងចាស់ បានសម្រេចរត់ ចេញពីផ្ទះសម្បែងទៅនៅតាមវាលស្រែ។
ក្នុងចំណោមប្រជាពលរដ្ឋដែលបានរត់ចេញពីភូមិនោះ រួមមានស្ត្រីទើប សម្រាល កូន និងក្មេងតូចៗផងដែរ។ ទិដ្ឋភាពនោះ រំលេចនូវក្តីសង្វេគយ៉ាងខ្លាំងក្លា ហើយនេះក៏បង្ហាញឱ្យឃើញនូវទង្វើព្រៃផ្សៃរបស់កងទ័ពអាកាសថៃ ដើម្បីសម្រេចមហិច្ឆតាឈ្លានពានដ៏ឃោរឃៅរបស់ពួកគេ គេមិនខ្លាចរអាច្បាប់ទម្លាប់សកល ហើយបានរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរបស់ជនស៊ីវិល។
នៅវេលាម៉ោងជាង ២រសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ទាហានឈ្លានពានរបស់សៀម បានប្រើប្រាស់យន្ដហោះចម្បាំង T-50 ទម្លាក់គ្រាប់បែក១គ្រាប់ទៀតហើយ នៅជើងភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ពោលនៅទីតាំងដែលពួកគេទម្លាក់កាលពីព្រឹកមិញ៕
