ក្រសួងការពារជាតិកម្ពុជា ដាក់លិខិតទៅថៃថាកិច្ចប្រជុំ GBC លើកនេះគួរតែធ្វើឡើងក្នុងទីតាំងដែលមានសុវត្ថិភាព និងអព្យាក្រឹត«នៅទីក្រុងគូឡាឡាំពួ »
ភ្នំពេញ៖ឯកឧត្ដមទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានផ្ញើរលិខិតទៅរដ្ឋមន្ត្រីក្រសួងការពារជាតិថៃសហប្រធាន GBC។
១. កិច្ចប្រជុំ GBC នេះ គួរតែត្រូវបានរៀបចំឡើងក្នុងទម្រង់ដូចគ្នាទៅនឹង “កិច្ចប្រជុំវិសាមញ្ញ GBC” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ស្របតាមខ្លឹមសារចែងក្នុងកថាខណ្ឌទី១៣ នៃកំណត់ហេតុអង្គប្រជុំដែលបានព្រមព្រៀង។
២. ដោយយោងលើមូលហេតុសន្តិសុខ បណ្តាលមកពីការប្រយុទ្ធគ្នាដែលកំពុងបន្តកើតមានតាមបណ្តោយព្រំដែន កិច្ចប្រជុំនេះគួរតែធ្វើឡើងក្នុងទីតាំងដែលមានសុវត្ថិភាព និងអព្យាក្រឹត។ ក្នុងន័យនេះ ប្រទេសម៉ាឡេស៊ីបានយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ។
៣. ចំពោះរបៀបវារៈ កិច្ចប្រជុំគួរតែផ្តោតការពិភាក្សាលើចំណុចសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖
ក) ការបញ្ឈប់អរិភាពជាបន្ទាន់ និងការគោរពអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្នុងក្របខ័ណ្ឌនេះ។
ខ) ការត្រលប់ទៅវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង នៃប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែនរងផលប៉ះពាល់ ទៅកាន់លំនៅឋាន និងការប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីដូចកាលពីមុនពេលផ្ទុះអរិភាព។
គ) ការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការបន្តអនុវត្តជាបន្ទាន់ និងពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងការធ្វើឱ្យដំណើរការឡើងវិញជាបន្ទាន់នូវយន្តការដែលមានស្រាប់ក្រោមក្របខ័ណ្ឌនេះ រួមមានការខណ្ឌសីមាព្រំដែន និងការបោសសម្អាតមីនមនុស្សធម៌។
ឃ) ការពង្រឹងតួនាទីរបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានានូវការអនុវត្ត និងការត្រួតពិនិត្យបទឈប់បាញ់ ព្រមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។
បើមើលតាមលិខិតខាងលើអត់មាននិយាយពីលក្ខខណ្ឌមិនគ្រប់ទឹកបីចំណុចរបស់ថៃទេ នេះជាអ្វីដែលយើងចង់បាននិងចង់ឃើញ៕
