អភិបាលរាជធានីភ្នំពេញ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងយោធាថៃមកលើ ដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ញត្តិថ្កោលទោសឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងយោធាថៃមកលើ ដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ និង បន្តរហូតមកដល់បច្ចុប្បន្ននេះ ដែល បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ សាលារៀន មន្ទីរពេទ្យ លំនៅដ្ឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសបានធ្វើឱ្យ ប្រជាពលរដ្ឋរាប់សែននាក់បាត់បង់ទីលំនៅ និងកុមាររាប់ម៉ឺននាក់មិនបានសិក្សារៀនសូត្រ។
សកម្មភាពឈ្លានពានដ៏ព្រៃផ្សៃកន្លងមកនេះ កងកម្លាំងយោធាថៃបានប្រើប្រាស់នូវផ្សែងពុល និងបាញ់ផ្លោងគ្រឿង សព្វាវុធធុនធ្ងន់ និងគ្រឿងសព្វាវុធហាមឃាត់ជាច្រើនប្រភេទ ជាពិសេស បានប្រើប្រាស់នូវយន្តហោះចម្បាំង F-16 និង T-50 ហោះ ចូលជ្រៅមកក្នុងដែនអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្តែងចេញយ៉ាងច្បាស់នូវទង្វើល្អឈ្លានពានដ៏យង់ឃ្នង់ ព្រៃផ្សៃ អមនុស្សធម៌ អសីលធម៌ គ្មានសច្ចធម៌ និងគ្មានច្បាប់ទម្លាប់ ព្រមទាំងបានរំលោភបំពានម្តងហើយម្តងទៀត នូវធម្មនុញ្ញ អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ច- សហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ព្រមទាំងបានរំលោភបំពានយ៉ាងគច្រើនសារជាថ្មីម្តងទៀតលើសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាពតូឡាឡាំពួរ ដែលបានចុះហត្ថលេខារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមការ ចូលរួមជាសាក្សីពីសំណាក់ ឯកឧត្តម Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាមេរិក និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។
ក្នុងន័យនេះ យើងខ្ញុំទាំងអស់គ្នាសូមឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឈ្លានពានដ៏គឃ្លីន និងអមនុស្សធម៌របស់ ខ្លួនមកលើដែនអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវសារជាថ្មីម្តង ទៀតដល់រដ្ឋសមាជិកអាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ធ្វើការថ្កោលទោសចំពោះទង្វើរំលោភបំពាន ច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរនេះ និងជំរុញឱ្យប្រទេសថៃគោរពគោលការណ៍អធិបតេយ្យ បូរណភាពទឹកដី និងការដោះស្រាយ ជម្លោះដោយសន្តិវិធី។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវរាល់គោលការណ៍ និងវិធានការរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមច្បាប់ និងគោលការណ៍អន្តរជាតិជាធរមាន និងអនុវត្តតាមប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជានាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស ៥ អគ្គភស្តុភារជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕
