ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ការដោះលែងយោធាកម្ពុជាដែលជាប់ឃុំទាំង១៨នាក់ជាជំហានមួយឆ្ពោះទៅរកបទឈប់បាញ់ដែលកាន់តែរឹងមាំ, អាល្លឺម៉ង់ប្តេជ្ញាចិត្តគាំទ្រការសន្ទនាដោយសន្តិវិធីនិងស្ថិរភាពរយៈពេលវែង
ភ្នំពេញ៖លោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សូមស្វាគមន៍ចំពោះការដោះលែងទាហានរបស់កម្ពុជាទាំង ១៨រូប និងចាតុទុកថានេះគឺជាជំហានមួយឆ្ពោះទៅរកបទឈប់បាញ់ដែលកាន់តែរឹងមាំរវាងកងទ័ពកម្ពុជា និងថៃ។
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានគូសបញ្ជាក់ថា ការវិវឌ្ឍនេះបង្ហាញពីការផ្លាស់ប្តូរវិជ្ជមាន និងបង្កើតឱកាសដើម្បីកសាងទំនុកចិត្តឡើងវិញ។ ប្រទេសអាល្លឺម៉ង់នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រការសន្ទនាដោយសន្តិវិធី និងស្ថិរភាពរយៈពេលវែង។
សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូត Stefan Messerer ស្តីពីការដោះលែងទាហាន ១៨រូប មានខ្លឹមសាររួមមាន៖ «ខ្ញុំសូមស្វាគមន៍ចំពោះការដោះលែងទាហាន ១៨ រូប។ នេះគឺជាជំហានមួយឆ្ពោះទៅរកបទឈប់បាញ់ដែលកាន់តែរឹងមាំ។ ការវិវឌ្ឍនេះបង្ហាញពីការផ្លាស់ប្តូរវិជ្ជមាន និងបង្កើតឱកាសដើម្បីកសាងទំនុកចិត្តឡើងវិញ។ ប្រទេសអាល្លឺម៉ង់នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រការសន្ទនាដោយសន្តិវិធី និងស្ថិរភាពរយៈពេលវែង»។
សូមជម្រាបថា យុទ្ធជនកម្ពុជា ចំនួន១៨រូប ត្រូវបានភាគីថៃបានដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ តាមច្រកខេត្តប៉ៃលិន បន្ទាប់ពីចាប់អស់រយៈពេល១៥៥ថ្ងៃមក។
ការសម្រេចដោះលែង យុទ្ធកម្ពុជាទាំង១៨នាក់ គឺផ្អែកទៅតាមស្មារតីនៃកិច្ចប្រជុំកាលពីពេលកន្លងទៅ ពិសេសកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងក្រោយរយៈពេល ៧២ម៉ោង ដែលបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕
