ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជននិងសប្បុរសជននៅតែបន្តនាំយកមកថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ មានទាំងសាច់ស្រស់ និងសំភារៈចាំបាច់មួយចំនួនមកប្រគល់ជូនរដ្ឋាបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជននិងសប្បុរសជននៅតែបន្តនាំយកមកថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ ដែលមានទាំងសាច់ស្រស់ និងសំភារៈចាំបាច់មួយចំនួនមក
ប្រគល់ជូនរដ្ឋាបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់ហើយក្ដីនិងនៅថ្ងៃ៣១ធ្នូនេះ វីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានថៃដោះលែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាព។
នាថ្ងៃទី៣១ធ្នូ២០២៥នេះ ឯកឧត្ដមហួត ហៃ អភិបាលរង តំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីរដ្ឋបាលរាជធានីជាច្រើនរូបទៀត បានបន្តទទួលអំណោយទាំងនេះ នៅសាលារាជធានីភ្នំពេញ។
អំណោយដែលប្រគល់ជូននាថ្ងៃនេះរួមមាន៖ មានទាំងថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ ដែលមានទាំងសាច់ស្រស់ និងសំភារៈចាំបាច់មួយចំនួនទៀត។
ឯកឧត្ដមហួត ហៃ អភិបាលរងរាជធានី ក្នុងនាម ឯកឧត្ដមឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ប្រជាជនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕
