ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីត្រាំថា៖សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីធ្វើអន្តរាគមន៍ប្រសិនបើអ៉ីរ៉ង់សម្លាប់បាតុករ

95

វ៉ាស៉ីនតោននាថ្ងៃសុក្រនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតប ប្រសិនបើអ៉ីរ៉ង់សម្លាប់ក្រុមបាតុករ បន្ទាប់ពីសកម្មភាពតវ៉ាប្រឆាំងការកើនឡើងថ្លៃទំនិញ នៅក្នុងប្រទេសអ៉ីរ៉ង់ បានឈាន ដល់ថ្នាក់បង្កឱ្យមានមនុស្សបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ២០២៦។

ក្រុមអ្នកតវ៉ានិងកងកម្លាំងសន្តិសុខ បានប៉ះទង្គិចគ្នានៅទីក្រុងមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ ដោយមនុស្ស៦នាក់ត្រូវរាយការណ៍ថា បានបាត់បង់ជីវិត ដែលជាសេចក្តីរាយការណ៍លើកដំបូងអំពីអ្នកស្លាប់ ចាប់តាំងពីអំពើហិង្សាបានកើនឡើងប៉ុន្មានថ្ងៃមកនេះ។ ដំបូងឡើយ ប្រជាជនអ៉ីរ៉ង់នៅរដ្ឋធានីតេហេរ៉ង់ បាននាំគ្នាធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ចំពោះមុខការកើនឡើងថ្លៃទំនិញ និងបញ្ហាសេដ្ឋកិច្ចដែលមិនមានកំណើន។ ក្រោយមកសកម្មភាពតវ៉ានោះ ក៏បានរីករាលដាលដល់ផ្នែកដទៃទៀតនៃប្រទេសអ៉ីរ៉ង់។

ក្នុងសារបង្ហោះលើបណ្តាញ Truth Social លោក ត្រាំ បានអះអាងថា ប្រសិនបើអ៉ីរ៉ង់បាញ់សម្លាប់ក្រុមអ្នកតវ៉ាដោយហិង្សា ដែល ជាទម្លាប់របស់ពួកគេ សហរដ្ឋអាមេរិក នឹងចូលទៅជួយសង្រ្គោះអ្នកទាំងនោះ។ លោកប្រធានាធិបតី បានសង្កត់ធ្ងន់បន្ថែមថា អាមេរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើយ៉ាងដូច្នោះ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា មនុស្ស២នាក់បានស្លាប់ ក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករនៅទីក្រុង Lordegan នៃខេត្ត Chaharmahal & Bakhtiari ហើយ៣នាក់ទៀត បានស្លាប់ក្នុងទីក្រុង Azna នៃខេត្ត Lorestan ដែលស្ថិតជាប់គ្នា។ ក្នុងថ្ងៃដដែលនោះ ក៏មានសេចក្តីរាយការណ៍ដែរថា សមាជិកម្នាក់នៃកងកម្លាំងសន្តិសុខ ត្រូវបានសម្លាប់អំឡុងការតវ៉ានៅទីក្រុង Kouhdasht ភាគខាងលិច៕

អត្ថបទដែលជាប់ទាក់ទង