ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានជួសជុលជាផ្លូវការផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែងជាង៥គីឡូម៉ែត្រនៅភូមិគុណភាពឃុំឆែបពីរស្រុកឆែបខេត្តព្រះវិហារជាអំណោយរបស់នាយឧត្ដមសេនីយ៍ម៉ៅសុផាន់ជូនប្រជាពលរដ្ឋស្រុកឆែប 

124

ព្រះវិហារ៖ផ្លូវក្រាលក្រួសក្រហម ១ខ្សែប្រវែង ៥ ១០០ម៉ែត្រ តភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ជាអំណោយរបស់ឯកឧត្ដមម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ តាមរយះលោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប ត្រូវបានបើកការដ្ឋានជួសជុលជាផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ឃិត សុធារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុក និងជាអភិបាលស្រុកឆែប និងលោក អ៊ូ សៅឌី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឆែបពីរ និងក្រុមការងារ។

នៅក្នុងឱកាសនេះដែរ លោក ឃិត សុធារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកឆែប បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ឯកឧត្ដមគីម រិទ្ធី អនុប្រធានគណបក្សខេត្ត និងលោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប ផ្ញើរជូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកឆែប ផងដែរ។

លោក ឃិត សុធារ៉ា បានថ្លែងថា ផ្លូវក្រាលគ្រួសក្រហម ១ខ្សែនៅភូមិគុណភាព ឃុំឆែបពីរ ដែលបើកការដ្ឋានជួសជុលនាពេលនេះ គឺកើតឡើងក្រោយពីរូបលោក និងលោក សំ លាងទ្រី ចុះពិនិត្យ មើលឃើញថាផ្លូវនេះពិបាកធ្វើដំណើរមែន ទើបលោក សំ លាងទ្រី ចាត់លោក អ៊ូ សៅឌី ឱ្យដឹកនាំគ្រឿងចក្រចុះមកធ្វើការជួសជុលភ្លាមៗដោយមិនរងចាំយូរ ដើម្បីសម្រួលការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល ។លោកថា៖ «គណបក្សប្រជាជនកម្ពុជា ឱ្យតែនិយាយគឺធ្វើហើយ»។

ដោយឡែកលោក អ៊ូ សៅឌី បានថ្លែងថា ដោយមានការចង្អុលបង្ហាញពីលោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប លោកបានដឹកនាំក្រុមការងារដាក់គ្រឿងចក្រមកជួសជុលផ្លូវប្រវែង ៥ ១០០ម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដូចជាទៅសាលារៀន ទៅកាន់ទីផ្សារ ក៏ដូចជាការដឹកជញ្ជូនកសិផលផងដែរ។

លោក អ៊ូ សៅឌី ក៏បានប្រាប់ប្រជាពលរដ្ឋ សុំការផ្ញើខ្លួនផ្ញើប្រាណរបស់ក្រុមការងារគ្រឿងចក្រនៅទីនេះ ដោយសុំពុកម៉ែបងប្អូនចាត់ទុកជាកូន ជាគ្មួយ ជាចៅផង បើសិនមានការខុសឆ្គងឫមានបញ្ហាអ្វីលោកសុំការអធ្យាស្រ័យជាមុន។លោកបញ្ជាក់ទៀតថា ចំពោះផ្លូវនេះនឹងធ្វើរួចរាល់ប្រហែល ១សប្តាហ៍ទៀត ប៉ុន្តែប្រសិនបើមានករណីផ្លូវខូច លោកសន្យានឹងបន្តនិរន្តរភាពជួយបងប្អូនតាមលទ្ធភាពដែលអាចធ្វើទៅបាន ប៉ុន្តែសន្យាថានឹងជួយដោយបេះដូង។

ជាមួយគ្នានេះលោក អ៊ូ សៅឌី និងលោក ឃិត សុធារ៉ា និងក្រុមការងារក៏បានបន្តចុះពិនិត្យមើលអគារស្នាក់ការគណបក្សឃុំឆែបពីរចាស់ ដើម្បីធ្វើការជួសជុលកែលម្អ និងបន្តចុះពិនិត្យមើលដីដើម្បីសាងសង់អគារស្នាក់ការគណបក្សឃុំឆែបពីរថ្មី ធ្វើអំពីបេតុងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង