ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានជនភៀសសឹក១៣.៥២៧នាក់បានបន្តវិលត្រឡប់ទៅលំនៅឋានវិញដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន៣១២.៩៧៩នាក់

96

ភ្នំពេញយោងស្មារតីសេចក្ដីប្រកាសរួម នៃ កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុច១ ភាគីទាំងពីរបានបន្តអនុវត្តបទឈប់បាញ់ នាំឱ្យ មានភាពស្ងប់ស្ងាត់។ 

គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី២ ខែមករា ដល់ម៉ោង១រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក ១៣.៥២៧នាក់ បាន បន្ត វិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើ ឱ្យ ជនភៀសសឹកនៅសល់ សរុបមាន ចំនួន ៣១២.៩៧៩នាក់ ក្នុងនោះស្រី្ត ១៦៤.៧១៤នាក់ និងកុមារ១០៥.៣៣៣នាក់។ ចំណែកអាជ្ញាធរមានសមត្ថកិច្ច ក៏កំពុងចាត់ចែងការងារអាទិភាពជាច្រើននៅតាមភូមិករពលរដ្ឋ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ។

ទន្ទឹមនឹងនេះពលរដ្ឋ ភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់ ខណៈអាជ្ញាធរមានសមត្ថកិច្ចក៏កំពុងចាត់ចែងការងារ អាទិភាពជាច្រើន ដូចខាងក្រោម៖

១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានជនភៀសសឹក១៣.៥២៧នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៣១២.៩៧៩នាក់ ក្នុងនោះស្ត្រី ១៦៤.៧១៤នាក់ និងកុមារ ១០៥.៣៣៣នាក់។

២-ការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន១០៧ មន្ទីរពេទ្យ/មណ្ឌល សុខភាព១០ រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក២ ឃុំ-សង្កាត់៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បានបន្តបិទផ្អាក។ ខេត្ត បន្ទាយមានជ័យ មានសាលារៀន៣២១ (រដ្ឋ២៣៧ ឯកជន៨៤) និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៥ បន្តបិទផ្អាក។ ដូចគ្នានេះ ខេត្តព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក។

៣-ផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ របាយការណ៍ទើបប្រមូលបាន ខូចខាតម៉ូតូ ៤គ្រឿង វត្តអារាម១ និងសាលារៀន៩។ ដូច្នេះ បើគិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យសម្បត្តិ ឯកជន សរុប រួមមាន ផ្ទះ៣២៣ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយ៍ប្រេង៣ ផ្សារឯកជន១ រថយន្ត៣៣គ្រឿង ម៉ូតូ៥គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វ ពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន២៥ មណ្ឌលសុខភាព៧ សំណង់ អគារ៣៩ វត្តអារាម៦ សាលាឆទាន១ រូបសំណាក១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៤ និងប្រព័ន្ធ ផ្គត់ផ្គង់អគ្គិសនី១ទីតាំង។ ជាការកត់សម្គាល់ នៅខេត្តពោធិ៍សាត់ កម្លាំងយោធាថៃបានចូលកាត់សោ គាស់ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសង្គមថ្មី រួចប្រមូលសម្ភារៈមានតម្លៃពីផ្ទះចំនួន៨ខ្នង ម៉ូតូ៤គ្រឿង និងរម៉កដឹកសំរាមរបស់ភូមិ២គ្រឿង។

៤-កិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក៖ ខេត្តព្រះវិហារ កំពុងចុះស្រង់ផលប៉ះពាល់ និងការខូចខាតនៅស្រុកជាំក្សាន្ត ព្រមទាំងដឹកជញ្ជូនស្បៀងអាហារ ជូនពលរដ្ឋដែលពុំទាន់អាចចូលស្នាក់នៅក្នុងផ្ទះ បាន។ ខេត្តឧត្តរមានជ័យ មានភូមិចំនួន៨៤ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះបាន ខណៈមន្ត្រីកំពុងរៀបចំ ផ្ទះ និងភូមិករពលរដ្ឋចំនួន១៧២ភូមិ។ ខេត្តបន្ទាយមានជ័យ មន្ត្រីកំពុងរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នជូន ពលរដ្ឋដែលពុំទាន់អាចចូលរស់នៅក្នុងផ្ទះបាន។ ខេត្តបាត់ដំបង អាជ្ញាធរជួយជួសជុលផ្ទះប្រជាពលរដ្ឋ៨ខ្នង នៅស្រុក ភ្នំព្រឹក និង២៧ខ្នងទៀតនៅស្រុកសំពៅលូន ព្រមទាំងបានកំពុងសហការជាមួយក្រុមការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះនៅតាមភូមិករប្រជាពលរដ្ឋ។ ខេត្តពោធិ៍សាត់ មន្ត្រីបានចុះពិនិត្យផ្ទះប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មី។ ក្រសងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានកំពុងបន្តយកចិត្តទុកដាក់ ធានាការវិលមករកប្រក្រតីភាព នៃសេវាសាធារណៈដែលបានបិទផ្អាក ខិតខំបង្កលក្ខណៈជូនជនភៀសសឹកវិលទេ លំនៅឋានដោយសុវត្ថិភាព ដោះស្រាយបញ្ហាផ្ទះសំបែង និងភូមិករពលរដ្ឋរងការខូចខាត សហការគាំទ្របេសកកម្មសព្រមទាំងយកចិត្តទុកដាក់អនុវត្តហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្ស បោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ បើក(ដ្រូន) គ្រប់ទីកន្លែង គ្រប់ពេលវេលា រហូតដល់មានការណែនាំថ្មី។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងដែលរាជរដ្ឋាភិបាលបានកំពុងតវ៉ាយ៉ាង ខ្លាំងក្លាបំផុត តាមយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» ដោយសន្តិវិធី តាមផ្លូវច្បាប់ និងការទូត ប្រឆាំងនឹងការរំលោភបំពាន របស់ថៃ រួមមានការឈរជើង និងកាន់កាប់ដោយខុសច្បាប់ ជាពិសេសប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធ ថៃ តាមគោលដៅមួយចំនួននៃខេត្ត៤របស់កម្ពុជា រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ និងខេត្ត ឧត្តរមានជ័យ។

ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំងប្រដាប់អាវុធថៃ ផ្ទុយស្រឡះពីវឌ្ឍនភាពដែលសម្រេចបាន ដោយគណៈកម្មការចម្រុះខ័ណ្ឌសីមា ព្រំដែន ជាពិសេសនៅកំណាត់ខ្សែព្រំដែន ត្រង់បង្គោលព្រំដែនលេខ៥២-៥៩ និងលេខ៤២-៤៧ ដែលការណ៍នេះ បង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃបានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខ័ណ្ឌសីមាព្រំដែន ដែលកំពុងដំណើរការតាមរយៈការបង្កើតនូវស្ថានភាពមានការឈរជើងជាក់ស្តែងរួចជាស្រេចហើយ។

ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវជនរួមជាតិ បង្កើនការគាំទ្រខាងទស្សនៈ ស្មារតី គោលជំហរ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងទាមទារឱ្យភាគីថៃ (១)បញ្ឈប់ជាបន្ទាន់នូវ រាល់សកម្មភាពយោធាប្រកបដោយអរិយភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា (២)ដកបុគ្គលិកនិងសម្ភារយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់ (៣)គោរពអាណត្តិរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំងពីរក្នុងការកំណត់ខ័ណ្ឌសីមា ព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់និងច្បាប់អន្តរជាតិ និង(៤)គោរពដោយស្មោះត្រង់ចំពោះ លក្ខខណ្ឌនិងស្មារតីនៃការព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីប្រកាសរួម ស្តីពីសន្តិភាព និង ការដោះស្រាយជម្លោះដោយសន្តិវិធី រវាងកម្ពុជា-ថៃ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមគោរពថ្លែងអំណរគុណ និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះ សម្តេច តេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញយុទ្ធសាស្ត្រការពារជាតិយ៉ាងត្រឹមត្រូវ និង យុទ្ធសាស្ត្រនានាជាបន្តបន្ទាប់ ធ្វើឱ្យប្រជាជនកម្ពុជា ទាំងក្នុង និងក្រៅប្រទេស កាន់តែទទួលបានអារម្មណ៍កក់ក្តៅ ជំនឿចិត្តខ្ពស់ និងក្តីមោទនៈ។ យើងទាំងអស់គ្នា សូមបន្ទន់កាយ សង្រួមចិត្ត គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និង សូមចូលរួមទទួលអារម្មណ៍ឈឺចាប់ និងក្តីមោទនជាមួយក្រុមគ្រួសារ។ យើងក៏សូមជូនពរវីរយុទ្ធជន ដែលកំពុងសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យឆាប់បានជាសះស្បើយ។ សូមជនរួមជាតិ បន្តស្មារតីព្រលឹងខ្មែរតែមួយជានិរន្តរ៍រៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង