ថ្ងៃនេះខួបលើកទី៥០ឆ្នាំនៃអាពាហ៍ពិពាហ៍របស់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោបង្ហោះវីដេអូរៀបរាប់អំពីទំនាក់ទំនងរវាងសម្តេចនិងភរិយា
ភ្នំពេញ៖នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ ជាខួបលើកទី៥០ នៃថ្ងៃអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ដើម្បីរំលឹកពីប្រវត្តិនៃខួបអាពាហ៍ពិពាហ៍នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារភ្ជាប់ជាមួយវីដេអូរៀបរាប់អំពីទំនាក់ទំនងរវាងសម្តេច និងភរិយា តាំងពីពុំទាន់ស្គាល់គ្នា តភ្ជាប់មកដល់ឆ្នាំ១៩៧៩ ពេលជួបគ្នាវិញក្រោយការព្រាត់ដោយការឈឺចាប់។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដូច្នេះថា៖ «ថ្ងៃ៥ មករា ២០២៦ នេះ ជាខួបលើកទី៥០ នៃថ្ងៃរៀបការរបស់ខ្ញុំជាមួយភរិយា (៥ មករា ១៩៧៦ – ៥ មករា ២០២៦)។ ដោយសារការរៀបការនេះត្រូវធ្វើឡើងរហូត ១៣គូផងនោះ ដូចនេះក្រោយម៉ោង៧ព្រឹក ពួកយើងត្រូវតម្រង់ជួរជាពីរជួរតាមលេខរៀងប្រុសដោយប្រុស ស្រីដោយស្រី ដើម្បីចូលរោងការនៅរោងដោលមួយ ដែលគេសាងឡើងសម្រាប់ការប្រជុំ។សម្រាប់ខ្ញុំនៅលេខរៀងទី១៣ខាងបុរស ឯភរិយាខ្ញុំ នៅលេខរៀងទី១៣ខាងស្ត្រី ដែលពេលនោះអារម្មណ៍ខ្ញុំគិតថា ដូចជាការប្រជុំទាហានមុនពេលចេញច្បាំង ឬយុទ្ធដំណើរ។
ប៉ុន្មានឆ្នាំមុនខ្ញុំបានសរសេរកូនសៀវភៅមួយ មានចំណងជើងថា «គូព្រេងមិនព្រាត់» ដែលរៀបរាប់អំពីទំនាក់ទំនងរវាងខ្ញុំ និងភរិយាតាំងពីពុំទាន់ស្គាល់គ្នា តភ្ជាប់មកដល់ឆ្នាំ១៩៧៩។
សៀវភៅនេះត្រូវបានបញ្ចូលសំឡេងដោយកញ្ញា ម៉ង់ ចាន់កញ្ញា និងត្រូវបានរៀបចំជាវីដេអូដោយក្រុមចម្រៀងគ្រួសារខ្មែរ។ ដើម្បីយល់ច្បាស់ពីដំណើរជីវិតមុនរៀបការ និងក្រោយរៀបការគិតត្រឹមខែមីនាឆ្នាំ១៩៧៤ នៅពេលស្គាល់គ្នាដំបូងដល់ឆ្នាំ១៩៧៩ ពេលជួបគ្នាវិញក្រោយការព្រាត់ដោយការឈឺចាប់។
ខ្ញុំសូមបង្ហោះវីដេអូ ដែលដកស្រង់ចេញ ពីសៀវភៅគូព្រេងមិនព្រាត់»៕
