លោកបណ្ឌិត Thongloun Sisoulith ជាប់ឆ្នោតសាជាថ្មីជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ, សម្ដេចតេជោហ៊ុនសែនផ្ញើសារអបអរសាទរ
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរ លោកបណ្ឌិត Thongloun Sisoulith ដែលបានជាប់ឆ្នោតសាជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ នៅក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២ របស់គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។
ក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែ ន បានសរសេរថា «ខ្ញុំមានសេចក្តីរីករាយក្រៃលែង ដែលបានទទួលដំណឹងថា ឯកឧត្តម បានជាប់ឆ្នោតសាជាថ្មី ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ នៅក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២ របស់គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។
ក្នុងនាមគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរ សាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្តម ក្នុងឱកាសដ៏ឱឡារិកនេះ។
ការបោះឆ្នោតជ្រើសរើស ឯកឧត្តម សាជាថ្មី ឱ្យកាន់តំណែងកំពូលនេះ គឺជាសក្ខីភាពបញ្ជាក់ច្បាស់ពីទំនុកចិត្ត ដ៏មុតមាំ របស់គណបក្សប្រជាជនបដិវត្តន៍ឡាវ និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកលើ សមត្ថភាព និងមគ្គទេសក៍ដ៏ឈ្លាសវៃរបស់ ឯកឧត្តម ក្នុងការដឹកនាំការអភិវឌ្ឍជាតិដើម្បីឱ្យប្រជាជនឡាវអាចមាន ជីវភាពរស់នៅដោយរីករាយក្នុងសន្តិភាពជានិរន្តរ៍ ស្ថិរភាព និងវិបុលភាពកាន់តែប្រសើរឡើង។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយត្រឹមត្រូវ ចក្ខុវិស័យវែងឆ្ងាយ និងសម្លឹងទៅអនាគតរបស់ ឯកឧត្តម គណបក្សប្រជាជនបដិវត្តន៍ឡាវនឹងទទួលបានការជឿទុកចិត្ត និងការគាំទ្រកាន់តែច្រើនពីប្រជាជនឡាវ ហើយ ទទួលបានជោគជ័យកាន់តែធំក្នុងការអនុវត្តគោលនយោបាយ និងសេចក្តីសម្រេចចិត្តដែលបានអនុម័តដោយមហា សន្និបាតតំណាងទូទាំងប្រទេសលើកទី១២។
ខ្ញុំក៏មានទំនុកចិត្តផងដែរថា ចំណងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង គណបក្សប្រជាជនកម្ពុជា និង គណបក្សប្រជាជនបដិវត្តន៍ឡាវ ក៏ដូចជារវាងប្រជាជនយើងទាំងពីរ នឹងកាន់តែរឹងមាំ ឡើងនាពេលអនាគតដ៏យូរអង្វែងស្របតាមស្មារតី នៃ «កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពគង់វង្សយូរ អង្វែង»។
ខ្ញុំសូមជូនពរឱ្យ ឯកឧត្តម ទទួលបានជោគជ័យដ៏ធំធេងក្នុងភារកិច្ចដ៏ថ្លៃថ្លាឧត្តុង្គឧត្តម ដើម្បីធានាបាននូវ សុភមង្គល់ និងសុខុមាលភាពយូរអង្វែងរបស់ប្រជាជនឡាវ។
សូម ឯកឧត្តម ទទួលសាជាថ្មីនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»៕
