ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦មានជនភៀសសឹក៤សែន​៨ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ​

93

ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា សកម្មភាព រំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការ ខូចខាតក្នុងខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និង ខេត្តសៀមរាប។ បើគិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បច្ចុប្បន្នភាពនៃ ស្ថានការណ៍រួម មានជាអាទិ៍៖

១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹក៥.៩៥៧នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋាន វិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៤សែន៨ម៉ឺននាក់ បានវិលត្រឡប់ ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៦៧.២២៦នាក់ ក្នុងនោះស្ត្រីមាន៨៧.២៧៧នាក់ និង កុមារ៥៤.៤០៨នាក់។ ក្រៅពីនេះ ក៏មានពលរដ្ឋភៀសសឹកបានទៅស្នាក់នៅផ្ទះសាច់ញាតិក្នុងខេត្តចំនួន១៨ផ្សេងទៀត ដែលក៏បានកំពុងវិលត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់។ ជាការកត់សម្គាល់ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃ ទាំងមុខរបរ សុខុមាលភាពសាធារណៈ សិទ្ធិលំនៅឋាន ជាពិសេស សិទ្ធិកុមារក្នុងការរៀនសូត្រ និងការប៉ះទង្គិចផ្លូវចិត្តដ៏គួរឱ្យព្រួយបារម្ភ ខណៈពលរដ្ឋភៀសសឹកខ្លះបានវិលដល់ភូមិករ ហើយ ប៉ុន្តែត្រូវបង្ខំចិត្តបន្តចូលស្នាក់នៅក្នុងជំរំបណ្តោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងរងការខូចខាតខ្ទេចរាប ដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ។

២-ការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន២២០ មន្ទីរពេទ្យ/ មណ្ឌលសុខភាព៣៤ រដ្ឋបាលខេត្ត១ មន្ទីរអង្គភាពជុំវិញខេត្ត៣៣ រដ្ឋបាលស្រុក៥ អង្គភាពកងកម្លាំងមានសមត្ថកិច្ច ថ្នាក់ក្រុង ស្រុក១០ រដ្ឋបាលឃុំសង្កាត់២៣ និងប៉ុស្តិ៍នគរបាលរដ្ឋបាល២៣ បានបើកដំណើរការឡើងវិញ ខណៈ សាលារៀន៤០ មន្ទីរពេទ្យ/មណ្ឌលសុខភាព៧ រដ្ឋបាលនៅថ្នាក់ សង្កាត់១ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បន្តបិទផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តបិទផ្អាក ខណៈស្ថាប័នផ្តល់ សេវាសាធារណៈនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានបើកដំណើរការឡើងវិញ។ ខេត្តព្រះវិហារ មានសាលារៀន ៦១ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក ខណៈសាលារៀន១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១២ និង ស្ថាប័នផ្តល់សេវាសាធារណៈនៅថ្នាក់ស្រុក១ និងឃុំ-សង្កាត់៦ បានបើកដំណើរការឡើងវិញ។

៣-ផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ ពុំទាន់ទទួលបាន។ ដូច្នេះ បើគិតចាប់ពីថ្ងៃ ទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ៣៣៦ខ្នង អគារស៊ីវិលឯកជន៧ អគារ ស្នាក់នៅ/សណ្ឋាគារ១០ ស្ថានីយប្រេង៣ ផ្សារឯកជន១ រថយន្ត៣៤គ្រឿង ម៉ូតូ៨គ្រឿង លានទិញដំឡូង១ អគារ ឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ៣ អាងទឹកនិងប្រព័ន្ធទឹកស្អាត៦កន្លែង ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន២៥ មន្ទីរពេទ្យ/មណ្ឌលសុខភាព៩ សំណង់អគារ៤២ វត្តអារាម១៧ សាលាឆទាន១ រូបសំណាក១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១៧ ផ្លូវ៣២ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង និងបណ្តាញបញ្ជូនអគ្គិសនី៣កន្លែង។ ការខូចខាតជាក់ស្តែង អាចនឹងមាន ច្រើនជាងនេះ ខណៈអាជ្ញាធរមូលដ្ឋាននៅតែបន្តការចុះស្រង់ទិន្នន័យផលប៉ះពាល់។

៤-កិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក៖ ខេត្តព្រះវិហារ កំពុងចុះស្រង់ផលប៉ះពាល់ និងការ ខូចខាត ព្រមទាំងបន្ត ឧបត្ថម្ភគាំទ្រពលរដ្ឋដែលពុំទាន់អាចចូលស្នាក់នៅក្នុងផ្ទះបាន។ ខេត្តឧត្តរមានជ័យ មានភូមិចំនួន៨៤ ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅបាន ខណៈមន្ត្រីកំពុងរៀបចំផ្ទះ និងភូមិករពលរដ្ឋ ១៧២ភូមិ។ ខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធកំពុងរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នជូនពលរដ្ឋដែលពុំទាន់អាចចូលទៅរស់នៅក្នុង ផ្ទះចំនួន២.៧៣៥គ្រួសារ ព្រមទាំងជួសជុលបណ្តាញអគ្គិសនី និងទូរគមនាគមន៍ឡើងវិញ។ ខេត្តបាត់ដំបង អាជ្ញាធរ ដែនដី និងមន្ត្រីពាក់ព័ន្ធបានកំពុងបន្តចុះសួរសុខទុក្ខ នាំយកអំណោយ និងត្រួតពិនិត្យទីតាំងផ្ទះប្រជាពលដ្ឋដែលរង ផលប៉ះពាល់។ ខេត្តពោធិ៍សាត់ អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ កំពុងតាមដានយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខពលរដ្ឋ ដែលវិលត្រឡប់មកលំនៅឋានវិញ។ ក្រៅពីនេះអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធគ្រប់មូលដ្ឋាន បានកំពុងបន្តសហការ ផ្សព្វផ្សាយអប់រំជូនពលរដ្ឋអំពីផលប៉ះពាល់ និងគ្រោះថ្នាក់បណ្តាលមកពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ជារួម មកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់។ ជាមួយគ្នានេះ ក្រសួងក៏កំពុងយកចិត្តទុកដាក់គ្រប់គ្រងពលរដ្ឋភៀសសឹក ឱ្យបានសមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់សហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងជួរមុខ បន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់ សភាពការណ៍ទូទៅក្នុងខេត្តជាប់ព្រំដែន។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែល មុនបន្តដំណើរមកបំពេញទស្សនកិច្ចកម្ពុជា ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ បានគូសបញ្ជាក់ជាថ្មីទៀតនូវគោលជំហរ សហរដ្ឋអាម៉េរិក ចូលរួមចំណែកដោះស្រាយវិវាទរវាងកម្ពុជា និងថៃ ព្រមទាំងបានប្រកាសប្តេជ្ញាបន្តជួយជ្រោមជ្រែង ប្រទេសទាំងពីរ អនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី និង បើកផ្លូវសម្រាប់ការវិលត្រឡប់ទៅរកសន្តិភាព វិបុលភាព និងស្ថិរភាពយូរអង្វែងដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជា តំបន់ទាំងមូល។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រយ៉ាងពេញទំហឹង និងជឿជាក់យ៉ាងស្មោះស្ម័គ្រចំពោះ សម្តេច តេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងយុទ្ធសាស្ត្រការពារជាតិ និងនយោបាយការទូត ស្របតាម រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការទាមទារចំនួន៤ចំណុចរបស់ រាជរដ្ឋាភិបាលកម្ពុជាទៅកាន់ភាគីថៃ និងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ថា កម្ពុជានឹង មិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ ដោយជនរួមជាតិគ្រប់រូបត្រូវបន្តលើកកម្ពស់ស្មារតី ស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាង ប្រទេសជាតិយើង ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ ឧបសគ្គបាន មិនថាឧបសគ្គធំប៉ុណ្ណាឡើយ។ អាស្រ័យហេតុនេះ សូមជនរួមជាតិ ជឿជាក់លើរាជរដ្ឋាភិបាល ដោយ រួបរួមស្មារតីជាតិខ្មែរតែមួយ ចៀសវាងចាញ់ឧបាយកលឃោសនា ញុះញង់ពីក្រុមជ្រុលនិយមណាមួយ ធ្វើឱ្យប៉ះពាល់ ដល់យុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» ដែលរាជរដ្ឋាភិបាលបានកំពុងអនុវត្ត ដើម្បីធានាសន្តិភាពយូរអង្វែង ការពារ បូរណភាពទឹកដី និងអធិបតេយ្យជាតិឱ្យខាងតែបាន។ សូមជនរួមជាតិ បន្តស្មារ សូមជនរួមជាតិ បន្តស្មារតីព្រលឹងខ្មែរតែមួយជានិរន្តរ៍រៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង