លោកតា អាយុ៩២ឆ្នាំម្នាក់បាននាំយកអំណោយសប្បុរសធម៌ចំនួន៧លើកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ចែកជូនបន្តវីរកងទ័ព-វីរនគរបាលជួរមុខ និងជនភៀសសឹក
ភ្នំពេញ៖ លោកតា អ៊ូ វ៉ារី មានវ័យ៩២ឆ្នាំ ម្នាក់អមជាមួយកូនស្រីវ័យជាង៧០ឆ្នាំ ម្នាក់បានយកអំណោយជាច្រើនមុខរួមទាំងអង្រឹងចំនួន១០០សម្រាប់លើកនេះផងមកប្រគល់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ជាបន្តបន្ទាប់ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកចែកជូនបន្តដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជួរមុខ និងជនភៀសសឹក ។
តាមរយៈអំណោយលើកនេះ ត្រូវបានលោកតា បញ្ជាក់ថា ជាលើកទី៧ហើយ ដែលលោកតា បានចូលរួមក្នុងស្មារតីខ្មែរតែមួយ ដោយយកអំណោយនានា មកប្រគល់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ខណៈលោកតា អះអាងថា លោកតាពេញចិត្តនឹងចូលរួមសកម្មភាពនេះ ជាពិសេសលោកតា មានវ័យចំណាស់ រស់នៅរាជធានីភ្នំពេញ ក្នុងផ្ទះសុខស្រួល ប៉ុន្តែលោកតា ដឹងច្បាស់ថា សម្រាប់វីរកងទ័ពជួរមុខ វីរកងនគរបាលជួរមុខ និងជនភៀសសឹក កំពុងតែទទួលរងទុកលំបាក ដោយសារសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើទឹកដីផ្ទះសម្បែងប្រជាពលរដ្ឋ ជាពិសេសដែនអធិបតេយ្យភាពកម្ពុជា ។
គួរឱ្យដឹងថា លោកតា អ៊ូ វ៉ារី ជាអតីតគ្រូបង្រៀន ដែលចូលនិវត្តន៍ រស់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅតែជាមួយកូនស្រីបង្កើត មានវ័យជាង៧០ឆ្នាំ ។
គួរកត់សម្គាល់ថា ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្ត ដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិប្រជាជន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕
