ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ម៉ប់ សារិន បានលើកឡើងពីលទ្ធផលរបស់ក្រុមពិភាក្សាទាំង ៥ ដែលបានពិភាក្សាគ្នា ដើម្បីប្រមូលផ្តុំនូវធាតុចូលសំខាន់ៗ ដែលជាត្រីវិស័យ សម្រាប់រដ្ឋបាល រាជធានីដាក់ចូលទៅក្នុងទិសដៅការងារឆ្នាំ២០២៦ ក្នុងអភិវឌ្ឍន៍រាជធានីភ្នំពេញ និងការបន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ

102

ភ្នំពេញ៖ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ បានលើកឡើងពីលទ្ធផលរបស់ក្រុមពិភាក្សាទាំង ៥ ដែលបានពិភាក្សាគ្នា ដើម្បីប្រមូលផ្តុំនូវធាតុចូលសំខាន់ៗ ដែលជាត្រីវិស័យ សម្រាប់រដ្ឋបាល រាជធានីភ្នំពេញ ដាក់ចូលទៅក្នុងទិសដៅការងារឆ្នាំ២០២៦ ក្នុងអភិវឌ្ឍន៍រាជធានីភ្នំពេញ និងការបន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត។

   ឯកឧត្ដម ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖  ចំពោះលទ្ធផលនៃក្រុមពិភាក្សាទាំង ៥ ដែលបានពិភាក្សាគ្នារួមមាន៖ ប្រធានបទទី១៖ «ការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនសមមូល ៥លានដុល្លារចុះក្រោម» ក្រុមពិភាក្សាបានរកឃើញនូវបញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងការងារចុះបញ្ជីវិនិយោគ និងការយល់ដឹង។ជាដំណោះស្រាយ ជំរុញការផ្សព្វផ្សាយ និងបណ្តុះ បណ្តាលអំពីច្បាប់វិនិយោគជូនដល់វិនិយោគគិន និងអ្នកពាក់ព័ន្ធ និងស្នើសុំឱ្យមានការ បណ្តុះបណ្តាលដល់អនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ។

ប្រធានបទទី២ «ការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ និងប្រព័ន្ធប្រឡាយ-លូ» ក្រុមពិភាក្សាបានរកឃើញនូវបញ្ហាប្រឈមមួយចំនួន ដូចជា៖ បងប្អូនប្រជាពលរដ្ឋ និងអាជីវករ មិនទាន់មានការយល់ដឹងទូលំទូលាយអំពីច្បាប់ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ។ ចំពោះសណ្តាប់ធ្នាប់នៅតាមប្រឡាយ លូ និងប្រព័ន្ធរំដោះទឹកវិញ គឺមានតំបន់មួយចំនួនទឹកពុំអាចហូរបាន ដោយសារការចាក់ដីសាងសង់ បុរីពុំមានភាពស៊ីសង្វាក់គ្នា និងមិនបានគិតគូរពីការរំដោះទឹកនៅតំបន់ជុំវិញ។ ប្រជាពលរដ្ឋមួយចំនួនរស់នៅតាមដីចំណីអម សងខាងប្រឡាយមាត់លូមិនបានចូលរួមទុកដាក់វេចខ្ចប់សំរាម និងសំណល់ផ្សេងៗឱ្យបានត្រឹម ត្រូវទេ បែជាបោះចូលទៅក្នុងប្រឡាយ-លូវិញ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបន្តចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់ និង ផ្សព្វផ្សាយ ពន្យល់ ណែនាំអំពីការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈឱ្យបានកាន់តែទូលំ ទូលាយបន្ថែមទៀត។ ហាមដាច់ខាតការសាងសង់សំណង់ រំលោភលើប្រឡាយ។ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងពីការវេចខ្ចប់ ទុកដាក់សំរាម (ប្លាស្ទិក) ព្រមទាំងរៀបចំក្រុមការងារថែទាំ ប្រឡាយ និងលូឱ្យបានត្រឹមត្រូវ។

 ប្រធានបទទី៣: ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភដោយផ្តោតលើ “បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams” ក្រុមពិភាក្សាបានរកឃើញ បញ្ហាប្រឈមជាច្រើននិងបានរួមគ្នារកដំណោះស្រាយដូចជាត្រូវបន្តបង្កើនការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន 

ឥទ្ធិពលគ្រោះថ្នាក់ ពីការប្រើប្រាស់គ្រឿងញៀន។ បំផុសចលនាប្រជាពលរដ្ឋឱ្យចូលរួមផ្តល់ព័ត៌មាន។ ល្បែងស៊ីសងខុសច្បាប់ ត្រូវបន្តចុះត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ និងបង្ក្រាបឱ្យ បានដូចភ្លៀងរលឹម។ បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ត្រូវបន្តធ្វើបច្ចុប្បន្នភាពទីតាំង សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងរាជធានីភ្នំពេញ ដើម្បីមាន មូលដ្ឋានក្នុងការចុះត្រួតពិនិត្យ និងបង្ក្រាប។ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវបន្តចុះពិនិត្យធ្វើរដ្ឋបាលលើទីតាំងអគារខ្ពស់ សណ្ឋាគារ បុរី អាផាតមិន និងទីតាំងមានការរស់នៅប្រមូលផ្តុំ រលមានការសង្ស័យ ដោយស្នើសុំការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញា។

ប្រធានបទទី៤÷ ពង្រឹងការអនុវត្តបទបញ្ជាស្តីពី «ការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការ ស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា” និងលើកកម្ពស់ការប្រើប្រាស់ ផលិតផលក្នុងស្រុក។ ចំពោះប្រធានបទនេះ ក្រុមពិភាក្សាបានរកឃើញនូវចំណុចប្រឈមមួយចំនួនផងដែរ ហើយចំពោះដំណោះស្រាយគឺ ត្រូវបង្កើនការផ្សព្វផ្សាយអំពីខ្លឹមសារនៃបទបញ្ជាលេខ០២បប របស់រាជរដ្ឋាភិបាល ពង្រឹងការអនុវត្តបទបញ្ជានេះឱ្យបានតឹងរឹង។ ពាក់ព័ន្ធជួយទប់ស្កាត់ ការនាំចូល និងផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ និងបំផ្លាញ ឧបករណ៍ជក់ដែលបង្ក្រាប និងរឹបអូសបាន។ ដោយឡែកចំពោះការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក ឱ្យបានល្អប្រសើរ គឺត្រូវពង្រឹង និងបង្កើនប្រសិទ្ធភាពការងារក្នុងការជំរុញយន្តការចលនា ភូមិមួយ-ផលិតផលមួយ ស្វែងរកកម្ចីការប្រាក់ទាបពីដៃគូរអភិវឌ្ឍន៍ បង្កើនការវិនិយោគ ផលិផលក្នុងស្រុក និងជំរុញប្រសិទ្ធភាពការដាំដុះវត្ថុធាតុដើមក្នុងស្រុក ដើម្បីជួយគាំទ្រ ផលិតកម្មក្នុងស្រុក និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយផ្តល់ចំណេះដឹងពីការ បង្កើនគុណភាពផលិតផល ការស្វែងរកទីផ្សារ និងទីផ្សារឌីជីថល។

ប្រធានបទទី៥៖ការអភិវឌ្ឍនរាជធានីភ្នំពេញប្រកបដោយចីរភាពដោយផ្តោតលើ «វិស័យ សំណង់, រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus និងផ្លូវថ្មើជើង»។ចំពោះប្រធានបទទី៥ ក្រុមពិភាក្សាបានរកឃើញនូវបញ្ហាប្រឈមមួយចំនួន ដូចជាសំណង់គ្មានច្បាប់នៅតែមាន ហើយសំណង់មានច្បាប់មួយចំនួន តែសាងសង់ខុសពីប្លង់អនុញ្ញាត។ ចំណែកប្រតិបត្តិការរបស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈវិញឃើញថាមានភាពយឺតយ៉ាវតាម ម៉ោងប្រតិបត្តិការមួយចំនួន ដោយមូលហេតុរថយន្តក្រុងរត់លើតម្រាយផ្លូវចរាចរណ៍ចម្រុះ។ ជាដំណោះស្រាយ អាជ្ញាធរមូលដ្ឋាន និងមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ត្រូវទប់ស្កាត់ និង ទទួលខុសត្រូវលើរាល់សំណង់ ដែលគ្មានច្បាប់ ការសាងសង់ខុសពីប្លង់អនុញ្ញាត និង ណែនាំអោយម្ចាស់សំណង់ ស្នើសុំច្បាប់តាមនីតិវិធី។ ចំពោះវិស័យ រថយន្តក្រុងសាធារណៈ City Bus គួររៀបចំឱ្យមានផ្លូវអាទិភាពសម្រាប់រថយន្តក្រុង និង បង្កើតចំណតរថយន្តក្រុង (Bus Stop) នៅតាមទីតាំងសំខាន់ៗដែលមានមនុស្សរស់នៅ, ប្រកបអាជីវកម្ម និងធ្វើការច្រើន ។ចំណែកបញ្ហាផ្លូវថ្មើជើង ត្រូវរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ ដែលត្រូវត ភ្ជាប់ទៅផ្លូវថ្មើរជើងចតុមុខ walk street ពីជើងទៅត្បូង (ចាប់ពីវត្តភ្នំ រហូតដល់វិមានឯករាជ្យ) និងពី ខាងលិច ទៅកើត ចាប់ពីមហាវិថីព្រះនរោត្តម រហូតដល់តីរវិថីព្រះស៊ីសុវត្ថិ និងសិក្សា បន្ថែមនូវផ្លូវថ្មើរជើងថ្មី ដើម្បីផ្សារភ្ជាប់គោលដៅទេសចរណ៍នៅក្នុងតំបន់នេះ៕

អត្ថបទដែលជាប់ទាក់ទង