ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេីបងប្អូន​មិន​ចង់​ទៅ​ផ្សារ​ថ្មីនោះ​ បងប្អូន​អាច​រកទីតាំង​ឯកជន​ណា​ផ្សេង​ទៀត​ក៏បាន​ តែ​ហាមដាច់​ខាត​ មិនឱ្យលក់​លេី​ដងផ្លូវ​ និង​ចិញ្ចើម​ផ្លូវ​សាធារណៈ​ឡេីយ

117

ភ្នំពេញ៖លក្ខខណ្ឌ​មួយចំនួន​ត្រូវ​បាន​រដ្ឋបាល​រាជធានីភ្នំពេញផ្តល់ជូន​បងប្អូន​អ្នក​លក់ដូរ​គ្មាន​សណ្ដាប់​ធ្នាប់​នៅលេី​ដងផ្លូវ​ និង​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ក្នុង​តំបន់​ជុំវិញ​ផ្សារ​ដើម​គ​ រួមមាន​៖

១.​ អាច​មាន​ជម្រើស​ផ្លាស់ប្ដូរ​ទៅ​លក់​ទៅ​ផ្សារ​ដេីមគថ្មី​ដែល​អាជ្ញាធរ​ធ្លាប់​សម្របសម្រួល​ជូន​កន្លងមក​ ឫទៅ​រកទីតាំងឯកជន​​ផ្សេង​ទៀត​ ដែលខ្លួន​​គិតថា​ងាយស្រួល​ ប៉ុន្តែ​មិនមែន​លក់​លេីផ្លូវ​សាធារណៈ​។  

២.​ ក្នុង​ដំណាក់កាល​នេះ​ បេីបងប្អូន​មាន​បញ្ហា​ខ្វះខាត​ជីវភាព​ខ្លាំង រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​ជួយ​ទំនុកបម្រុង​ជា​អង្ករ​ ជូន។ 

៣.​ មិនត្រូវ​បន្ត​​លក់​ដូរ​លេី​ដងផ្លូវ​ និង​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ដាច់​ខាត។

នេះ​ជាការ​លេីកឡេីង​របស់​ឯកឧត្តម​  ឃួង​ ស្រេង​ អភិបាល​នៃ​គណះអភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ជំនួប​ជាមួយ​បងប្អូន​អ្នក​លក់ដូរ​គ្មាន​សណ្ដាប់​ធ្នាប់​នៅជុំវិញ​តំបន់​ផ្សារដេីមគ​ នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០២៦នេះ​ នៅ​សាលា​រាជធានី​ភ្នំពេញ​។ 

ឯកឧត្ដម​អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​បញ្ជាក់​បន្ថែម​ថា​ កន្លង​មក​អាជ្ញាធរ​បាន​អត់ធ្មត់​​បំផុត​ចំពោះ​ការ​លក់ដូរ​គ្មាន​សណ្ដាប់​ធ្នាប់​នេះ​ ព្រោះ​គិតពីជីវភាព​របស់​បងប្អូន​។ ម្យ៉ាងទៀត​ដោយសារ​ពុំទាន់​​រក​ទីតាំង​សមរម្យ​សម្រាប់​ផ្លាស់​ប្ដូរ​ជូន​​បាន​។ ប៉ុន្តែ​ពេល​នេះ​ រដ្ឋបាល​រាជធានីភ្នំពេញបានរក​ទីតាំង​សមស្រប​ និង​មាន​លក្ខខណ្ឌ​អនុគ្រោះជា​ច្រើន​បាន​ហើយ​ នោះគឺ​ផ្សារ​ដើម​គ​ថ្មី​ ហើយ​បេីបងប្អូន​មិន​ចង់​ទៅ​ផ្សារ​ថ្មីនោះ​ បងប្អូន​អាច​រកទីតាំង​ឯកជន​ណា​ផ្សេង​ទៀត​ក៏បាន​ តែ​ហាមដាច់​ខាត​ មិនឱ្យលក់​លេី​ដងផ្លូវ​ និង​ចិញ្ចើម​ផ្លូវ​សាធារណៈ​ឡេីយ។ សូម​បងប្អូន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដេីម្បី​លេីកកម្ពស់​សោភ័ណភាព​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​របស់​រាជធានីភ្នំពេញ​យេីង​។

នៅរសៀលថ្ងៃដដែល ឯកឧត្តមឃួង ស្រេង នឹងអញ្ជើញជួបសំណេះសំណាលសម្រប សម្រួលជាមួយពលរដ្ឋអាជីវករលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ ក្បែរផ្សារដើមគរក្នុងខណ្ឌទួលគោកបន្តទៀតដែរ៕

អត្ថបទដែលជាប់ទាក់ទង