ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម​ ឃួង​ ស្រេង​ ចុះជួបផ្ទាល់ជាមួយអាជីវករប្ដូរទីតាំង ផ្តល់​ការ​អនុគ្រោះ​លេីកលែង​ថ្លៃ​ចាក់សំរាម​នៅ​ទីលាន​ ​រយៈពេល​ ១ឆ្នាំ​ធ្វើ​ការ​សម្របសម្រួល​​ជាមួយ​ម្ចាស់​ផ្សារ​ឯកជន​មួយ​ឈ្មោះ​ថា “ផ្សារ​តាម៉ាប់​ព្រែក​ជ្រៃ”​

86

ភ្នំពេញ៖តប​តាម​សំណូមពរ​របស់​អាជីវករ​ដែល​បាន​មកជួប​សំណេះសំណាល​ជាមួយ​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​ ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២៦នេះ​ ​ឯកឧត្ដម​អភិបាល​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះមក​ពិនិត្យ​ និង​ធ្វើ​ការ​សម្របសម្រួល​បន្ថែម​ជាមួយ​ម្ចាស់​ផ្សារ​ឯកជន​មួយ​ ដែល​មាន​ឈ្មោះ​ថា “ផ្សារ​តាម៉ាប់​ព្រែក​ជ្រៃ”​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ ២១៧​ ភូមិ​ព្រែក​កំពិស​ សង្កាត់​ព្រែក​កំពិស​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ដេីម្បី​ដោះស្រាយ​កង្វល់​មួយចំនួន​របស់​បងប្អូន​ ដែល​ចង់​ផ្លាស់ប្ដូរ​ពីការ​លក់​គ្មាន​សណ្ដាប់​ធ្នាប់​នៅលេី​ដងផ្លូវ​ និង​ចិញ្ចើម​ផ្លូវ​សាធារណៈ​ជុំវិញ​តំបន់​ផ្សារ​ដើម​គ​ ទៅលក់ដូរនៅទីតាំងនោះ​វិញ។ 

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ជាក់ស្តែង​នេះ​ ឯកឧត្ដម​អភិបាល​រាជធានិភ្នំពេញបាន​ពិភាក្សា​ដោយ​មនោសញ្ចេតនា​ ​ខ្មែរ​ជួយ​ខ្មែរ​ ខ្មែរ​ស្រលាញ់​ខ្មែរ​ ជាមួយ​ម្ចាស់​ផ្សារ​ និង​ទទួល​បាន​ការ​ឯកភាព​តាម​លក្ខខណ្ឌ​មួយចំនួន​។ 

ជាមួយ​គ្នានេះ​ដែរ​ ឯកឧត្ដម​អភិបាល​បាន​ផ្តល់​ការ​ធានា​អះអាង​ក្នុង​ការ​ជួយ​រៀបចំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​មួយចំនួន​នៅ​ជុំវិញ​ ផ្សារ​តាម៉ាប់​ព្រែក​ជ្រៃ​ រួមមាន​៖​ ១.​ ធ្វើ​ការ​ជួសជុល​ផ្លូវ​ និង​បំពាក់​បន្ថែម​អំពូល​ភ្លើង​បំភ្លឺ​សាធារណៈ​តាម​ដងផ្លូវ​ ២១៧​ ។

២.​ សហការ​ជាមួយ​ម្ចាស់​ផ្សារ​តំឡើង​អំពូល​ភ្លើង​តាម​ច្រក​ផ្លូវ​ក្នុង​បរិវេណ​ផ្សារ,៣.​ ជួយសិក្សា​គម្រោងបង្ហូរទឹក​កខ្វក់​ និង​តម្រូវ​ឱ្យ​ម្ចាស់​ផ្សារ​រៀបចំ​ប្រព័ន្ធ​លូ​ឱ្យ​បាន​ត្រឹមត្រូវ​។ 

៤.​ ផ្តល់​ការ​អនុគ្រោះ​លេីកលែង​ថ្លៃ​ចាក់សំរាម​នៅ​ទីលាន​ ​រយៈពេល​ ១ឆ្នាំ​ ដោយ​ម្ចាស់​ផ្សារ​ត្រូវ​ធានា​មិនយក​កម្រៃ​អនាម័យ​ពី​អ្នក​លក់ដូរ​។ 

ដូច្នេះ​សូម​បងប្អូន​អាជីវករ​មេត្តា​ស្ងប់​ចិត្ត​ និង​ទទួល​យក​នូវ​ជម្រើស​សមរម្យ​ណា​មួយដែលអាជ្ញាធរ​បាន​ព្យាយាម​សម្របសម្រួល​ជូន ហើយ​បងប្អូន​អាចមាន​ជម្រើស​ទៅ​លក់ដូរ​នៅ​ទីតាំង​ផ្សារ​ដេីមគរ​ថ្មី​ ឬ​ផ្សារ​តាម៉ាប់​ព្រែក​ជ្រៃ​ ក៏​បាន​ ប៉ុន្ដែ​ហាមដាច់​ខាត​មិនត្រូវ​លក់​នៅលេី​ដងផ្លូវ​ និង​ចិញ្ចើម​ផ្លូវ​សាធារណៈ​​ឡេីយ។

ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា៖អ្វីដែលអាជ្ញាធររាជធានីភ្នំពេញចង់បាន គឺអាជីវករទាំងអស់បញ្ឈប់ការលក់ដូរ លេីដងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់និងកកស្ទះចរាចរណ៍បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ១៧លាននាក់។

   ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ដើម្បីបង្កការងារស្រួលដល់បងប្អូនអាជីវករ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ភ្លើងបំភ្លឺសាធារណៈថ្មីចាប់ពីព្រំប្រទល់ខេត្តកណ្តាលរហូត មកដល់ក្នុងផ្សារតាម៉ាប់ព្រែកជ្រៃ ហើយបើកខឿនពុះចែកទ្រូវផ្លូវ២១៧ឱ្យបានធំទូលាយ ហើយណែនាំឱ្យតាម៉ាប់ប្រធានផ្សារចាក់បេតុង ដាក់ថ្មម៉ិចក្នុងផ្សារ។

  ប្រធានផ្សារតាម៉ាប់ព្រែកជ្រៃបញ្ជាក់ថា៖ ផ្សារមានផ្ទៃដីជាង១០ហិកតា ដែលអាចទទួលអាជីវករលក់ដូរបានដោយមានស្តង់អាជីវកម្មបន្លែ ផ្លែ ឈើនិងត្រីសាច់បរាប់ពាន់ស្តង់ ដែលអាចឱ្យបងប្អូនអាជីវករលក់ដូរចំពោះបងប្អូន លក់ជាកញ្ច្រែង ល្អី ពួកគាត់ក៏អាចមកលក់បាន ដោយមិនត្រូវបង់ថ្លៃនោះទេ។

  ចំណែកបងប្អូនអាជីវករវិញបានសម្តែងនូវក្តីរីករាយនិងកក់ក្តៅយ៉ាងខ្លាំង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអភិបាលរាជធានី នៅពេលដែលពួកគេសម្រេចចិត្តមកលក់ដូរនៅផ្សារថ្មីនេះ៕

អត្ថបទដែលជាប់ទាក់ទង