ដូណាល់ត្រាំព្រមានលុបប្រទេសអ៉ីរ៉ង់ចេញពីផ្ទៃផែនដីប្រសិនបើហ៊ានធ្វើឃាតរូបលោក
វ៉ាស៉ីនតោន៖នាថ្ងៃអង្គារ ទី២០ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានសាជាថ្មីថា ប្រទេសអ៉ីរ៉ង់ នឹងត្រូវលុបបាត់ចេញពីផ្ទៃផែនដី ប្រសិនបើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ធ្វើឃាតរូបលោកបានសម្រេច។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងកិច្ចសម្ភាសមួយចាក់ផ្សាយកាលពីថ្ងៃអង្គារ ដែលឆ្លើយតបសំណួរស្តីពីការគំរាមរបស់អ៉ីរ៉ង់លើអាយុជីវិតរបស់លោក លោក ត្រាំ បានប្រាប់យ៉ាងដូច្នេះថា «ខ្ញុំមានបទបញ្ជាយ៉ាងរឹងមាំ គឺប្រសិនបើមានរឿងអ្វីកើតឡើង ពួកគេនឹងរលាយបាត់ចេញពីផ្ទៃផែនដី»។ កាលពីថ្ងៃអង្គារ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ លោកឧត្តមសេនីយ៍ Abolfazl Shekarchi ក៏បាននិយាយដែរថា លោក ត្រាំ ដឹងច្បាស់ថា ទីក្រុងតេហេរ៉ង់ នឹងបញ្ចេញប្រតិកម្មពេញទំហឹង បើហ៊ានតែមានការគំរាមកំហែងលើអាយុជីវិតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។
គួរបញ្ជាក់ថា កាលពីមួយឆ្នាំមុន ពោលគឺភ្លាមៗក្រោយត្រឡប់មកកាន់អំណាចវិញ លោក ត្រាំ ធ្លាប់បានចេញសារព្រមានស្រដៀងគ្នា ទៅកាន់អ៉ីរ៉ង់ ដោយលោកបានប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើអ៉ីរ៉ង់ហ៊ានសម្លាប់លោក នោះអ៉ីរ៉ង់នឹងត្រូវកម្ទេចទៅជាផេះ។ ភាពតានតឹងរវាងអាមេរិកនិងអ៉ីរ៉ង់ បានកើនឡើងជាថ្មីអំឡុងពេលមួយរយៈចុងក្រោយនេះ នៅពេលលោក ត្រាំ ព្រមានធ្វើអន្តរាគមន៍យោធា លើអ៉ីរ៉ង់ បន្ទាប់ពីការផ្ទុះបាតុកម្មទ្រង់ទ្រាយធំនៅទីនោះ ហើយក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានរាយការណ៍ថា មានអ្នកស្លាប់រាប់ពាន់នាក់៕
