ឆ្នាំ២០២៥ប្រមូលចំណូលសារពើពន្ធសម្រេចបានជាង៦.៧ពាន់លានដុល្លារលើសផែនការដែលកំណត់ក្នុងច្បាប់ថវិកា
ភ្នំពេញ៖ការអនុវត្តការប្រមូលចំណូលសារពើពន្ធ (ពន្ធដារ និងពន្ធគយ) ឆ្នាំ២០២៥ កម្ពុជាសម្រេចបានទឹកប្រាក់ជាង ៦.៧លានដុល្លារអាមេរិក។
ច្បាប់ថវិកាជាតិឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលពីសារពើពន្ធ ( ពន្ធដារ និងពន្ធគយ) ចំនួន២៦ ៤១៨ ប៊ីលានរៀល ឬប្រមាណ ៦.៥ប៊ីលានដុល្លារ ដើម្បីទ្រទ្រង់ដល់ការចំណាយរបស់រាជរដ្ឋាភិបាល។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ខ្លួនបានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ថវិកាជាតិ បានចំនួនជាង ១៤ ៣៤៥ ប៊ីលានរៀល ឬប្រមាណជាង ៣ ៥៧៧ លានដុល្លារអាម៉េរិក កើនឡើងជាង៣ ភាគរយ ឬប្រមាណ ១១២លានដុល្លារ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
ដោយឡែកសម្រាប់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាវិញ បណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា ចំណូលគយដែលប្រមូលបានសម្រាប់ថវិកាជាតិ ឆ្នាំ២០២៥បានជិត ៣.២ពាន់លានដុល្លារ លើសពីផែនការរហូតដល់ ២៤ភាគរយ ដែលជាចំនួនមួយខ្ពស់ស្មើនឹងឆ្នាំ២០១៩។
សូមជម្រាបថា សម្រាប់ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានគ្រោងប្រមូលសារពើពន្ធ សម្រេចឱ្យបាន ២៥ ៣៤១ប៊ីលានរៀល (ប្រមាណ ៦.៣ពាន់លានដុល្លារ) ក្នុងចំណូលពីពន្ធដារឱ្យបានចំនួន ១៣ ២៩២ ប៊ីលានរៀល (ប្រហែល៣.៣ពាន់លានដុល្លារ) និងចំណូលគយ និងរដ្ឋាករ ១២ ០៤៩ប៊ីលានរៀល (ប្រហែល៣ពាន់លានដុល្លារ)៕
