កម្លាំងនគរបាលខណ្ឌឫស្សីកែវ តាមចាប់ខ្លួនជនសង្ស័យម្នាក់ ដល់ស្រុកកងមាស ខេត្តកំពង់ចាម
ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការខណ្ឌឬស្សីកែវ ចុះបង្រ្កាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះរងរបួសធ្ងន់) ដោយសហការជាមួយភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។ នេះយោងតាមចង្អុលបង្ហាញនឹងអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមលោក ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការរាជធនីភ្នំពេញ និងលោក ផល មេសា អធិការរងខណ្ឌឬស្សីកែវ រហូតឃាត់បាន កាលវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៦ កើតហេតុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៧:០០នាទី ត្រង់ចំណុចទីតាំងលាងរថយន្ត ផ្លូវលេខ៥៩៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីហិង្សាដោយចេនាមានស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យឈ្មោះ ចក់ ឆៃឡាយ បានធ្វើសកម្មភាពប្រើកាំបិតបុ័ងតោ កាប់ជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងឆ្វេង និងដាច់រយះសាច់កែងដៃឆ្វេង។
មុនពេលកើតហេតុ ជនរងគ្រោះ និងកម្មករលាងរថយន្តផ្សេងទៀត បាននាំគ្នារងចាំចូលបន្ទប់ទឹក ដើម្បីចូលងូតទឹកតាមលំដាប់លំដោយ ស្រាប់តែជនសង្ស័យមកក្រោយគេ បានចូលងូតទឹកមុន ក៏បង្កឱ្យទាស់សម្តីគ្នា បន្ទាប់ពីជនសង្ស័យ និងជនរងគ្រោះងូតទឹករួច ជនសង្ស័យបានដើរទៅអង្គុយនៅតុបាយមុខបន្ទប់ដេក ពេលជនរងគ្រោះចេញពីបន្ទប់មក ជនសង្ស័យបានបបួលជនរងគ្រោះចេញទៅក្រៅវាយគ្នា ក៏បង្កឱ្យទាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាម្តងទៀត រហូតធ្វើឱ្យជនសង្ស័យខឹងក៏បានស្ទុះចូលទៅផ្ទះបាយយកកាំបិតបុ័ងតោ មកកាប់ជនរងគ្រោះពីក្រោយ បណ្តាលឱ្យរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងឆ្វេង និងដាច់រយះសាច់កែងដៃឆ្វេង ភ្លាមនោះក្រុមកម្មករលាងរថយន្ត ក៏បាននាំគ្នាជួយឃាត់ និងបាននាំជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ចំណែកឯជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ។
ជនរងគ្រោះឈ្មោះ គួក ជីវ័ន្ត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាងរថយន្ត មានទីលំនៅទីតាំងលាងរថយន្តកន្លែងកើតហេតុ មានទីកន្លែងកំណើត ភូមិថ្មពូន ឃុំទួលថ្ម ស្រុកព្រៃឈរ ខេត្តកំពង់ចាម (របួសធ្ងន់ត្រង់ក្បាលផ្នែកខាងឆ្វេង និងដាច់សាច់កែងដៃឆ្វេង)។
ជនសង្ស័យឈ្មោះ ចក់ ឆៃឡាយ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មលាងរថយន្ត មានទីលំនៅទីតាំងលាងរថយន្តកន្លែងកើតហេតុ មានទីកន្លែងកំណើត ភូមិកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ វត្ថុតាងចាប់យក៖ កំបិតបុ័ងតោដងដែក ០១។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតបុ័ងតោ កាប់បង្ករបួសស្នាម) បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
