ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់ស្រុតច្រាំងទន្លេក្នុងក្រុងកំពង់ចាមវេលាម៉ោង១២យប់អភិបាលខេត្តកំពង់ចាមដឹកនាំក្រុមការងារចុះពិនិត្យនិងដាក់បម្រាមបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ

82

កំពង់ចាម៖ច្រាំងទន្លេសួនច្បារក្រាលការ៉ូឡា នៅចំណុចកោះពេជ្រ ស្ថិតក្នុងភូមិទី ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានបាក់ស្រុតនៅវេលាម៉ោង ១២យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦ ដែលក្រោយហេតុការណ៍ភ្លាមៗឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងដាក់បម្រាម ដើម្បីបញ្ជៀសការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ដោយសារទឹកទន្លេមេគង្គឆ្នាំនេះ បានហក់ឡើងលឿន និងស្រកវិញក៏លឿន បណ្តាលឱ្យច្រាំងទន្លេជាច្រើនរងការបាក់ស្រុត ដោយឡែក សួនច្បារក្រាលការ៉ូឡា ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងភូមិទី ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវបានប្រេះ បាក់ស្រុត ជាបន្តបន្ទាប់ផងដែរ ដោយចាប់តាំងពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦ រហូតដល់ម៉ោង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែ ឆ្នាំដដែល ច្រាំងទន្លេនៅចំណុចកើតហេតុ បានបាក់ស្រុតប្រវែងប្រមាណជា ១០០ម៉ែត្រ ទទឹងប្រមាណជា ១០ម៉ែត្រ។

មន្ត្រីដដែលបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុភ្លាមៗ ឯកឧត្ដម អ៊ុន ចាន់ដា បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងដាក់ចេញនូវវិធានការបន្ទាន់ ក្នុងការស្តារ និងបញ្ជៀសការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដោយឯកឧត្ដម អភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរសង្កាត់/ក្រុង រៀបចំដាក់ស្លាកសញ្ញាគ្រោះថ្នាក់ នៅកន្លែងដែលប្រេះស្រុត ដើម្បីជៀសវាងធ្វើឲ្យអ្នកដំណើរ មានគ្រោះថ្នាក់ដោយប្រការណាមួយនោះ។

ទន្ទឹមនិងនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំប្រធានមន្ទីរធនធានទឹក និងឧតុនិយម រៀបចំក្រុមការងារចុះសិក្សាស្ថានភាពជាក់ស្តែង ចំពោះករណីនេះ ដើម្បីធ្វើរបាយការណ៍ដាក់ទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីជួសជុលស្តារឡើងវិញ ហើយក៏ជាការការពារកុំឱ្យបាក់ច្រាំងទន្លេកាន់តែខ្លាំង និងមានហានិភ័យកាន់តែខ្ពស់នាពេលខាងមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង