ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ថៃបានធ្វើឱ្យខូចខាតប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទខ្នារ ប្រាសាទតាមាន់ និងបុរាណដ្ឋានផ្សេងៗទៀតរួមជាមួយនឹងការព្យាយាមដណ្ដើមយកប្រាសាទបុរាណខ្មែរ

71

ភ្នំពេញជម្លោះព្រំដែនរវាងកម្ពុជានិងថៃបានធ្វើឱ្យប៉ះពាល់ដល់ការអភិរក្សសម្បត្តិវប្បធម៌ជាតិ ដោយក្នុងនោះភាគីថៃបានធ្វើឱ្យខូចខាតប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក តំបន់ជុំវិញប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទខ្នារ ប្រាសាទតាមាន់ និងបុរាណដ្ឋានផ្សេងៗទៀតនៅតាមព្រំដែន រួមជាមួយនឹងការព្យាយាមដណ្ដើមយកប្រាសាទបុរាណខ្មែរទៅគ្រប់គ្រង។

នេះយោងតាមរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ អានដោយលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការរៀបចំសន្និបាតក្រសួង នៅសាលសន្និសីទចតុម្មុខ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ភាពតានតឹងនិងជម្លោះព្រំដែននេះក៏បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពជួសជុលនិងអភិរក្ស រួមទាំងទេសចរណ៍វប្បធម៌នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារនិងប្រាសាទផ្សេងៗទៀតនៅតាមព្រំដែនផងដែរ ដោយសារតំបន់ទាំងនេះត្រូវបានបិទមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនា។

លោកបានឲ្យដឹងបន្ថែមថា ចំពោះបេតិកភណ្ឌវប្បធម៌ ក្រសួងបានជួសជុលនិងអភិរក្សសំណង់បេតិកភណ្ឌសរុបចំនួន ១ ០៩៥ ទីតាំង/ផ្នែកចំណុច ក្នុងនោះការអភិរក្សក្រៅពីការជួសជុលមានចំនួន ៩៣៩ ទីតាំង/ផ្នែកចំណុច។ ជាមួយគ្នានេះ ក្រសួងបានជួសជុលនិងអភិរក្ស វត្ថុបុរាណ វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុ សរុបចំនួន ៥ ០៦១ មុខ ក្នុងនោះការអភិរក្សក្រៅពីការជួសជុលមានចំនួន ៤ ៩៣៧ មុខ។ ជារួម ក្រសួងសម្រេច បានលទ្ធផលល្អប្រសើរសម្រាប់សូចនាករតាមដាននិងវាយតម្លៃនៅក្នុងផ្នែកនេះ។ 

ក្រៅពីកិច្ចការខាងលើ ក្រសួងបានទទួលវត្ថុបុរាណខ្មែរពីបរទេសសរុបចំនួន ១ ១៥៨  មុខ ក្នុងនោះពីស្ថាប័ននានាចំនួន ៤០  និងពីបុគ្គលចំនួន ១ ១១៨ (គិតពីខែមករា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥)។ ដោយឡែក ការអភិរក្សបុរាណដ្ឋាន ក្រសួងបានវាស់វែងចំនួន ១៨ ៥៣០ ស្មើនឹង ៩៦.៥៧% ក្នុងនោះបុរាណដ្ឋានដែលទទួលបានបណ្ណកម្មសិទ្ធិមានចំនួន ៣ ១៦២ ស្មើនឹង ១៦.៤៧%, ចំណែកឯបុរាណដ្ឋានដែលមិនទាន់បានវាស់វែងមានចំនួន ៦៥៧ ស្មើនឹង ៣.៤២%។

បើតាមលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ការណ៍ដែលភាគីថៃលែងគោរពច្បាប់អន្តរជាតិ នាមឲ្យភាគីកម្ពុជាពិបាកធ្វើការជាមួយខ្លាំងណាស់។ ការរាយបន្លាលួស និងដាក់ទូកុងតឺន័រ នៅលើដែនអធិបតេយ្យរបស់ភាគីកម្ពុជា គឺជាកំហុសដែលល្មើសនឹងច្បាប់អន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង