ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំងឺមហារីកអាចកើតមាននៅលើគ្រប់គ្នាទាំងអស់អំពាវនាវដល់ប្រជាពលរដ្ឋសូមពិនិត្យសុខភាពជាទៀងទាត់ដើម្បីស្វែងរកឃើញនៅដំណាក់កាលដំបូងនិងព្យាបាលជាសះស្បើយ

58

ភ្នំពេញលោកសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានគូសបញ្ជាក់ថា ជំងឹមហារីកគឺអាចកើតមាននៅលើមនុស្សគ្រប់គ្នាទាំងអស់ ដូច្នេះដើម្បីទទួលបានការព្យាបាលទាន់ពេល និងជាសះស្បើយ គឺការស្វែងរកឃើញជំងឺមហារីកនេះនៅដំណាក់កាលដំបូង ។ដូចនេះសូមឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងមកពិនិត្យសុខភាព នៅមន្ទីរពេទ្យឱ្យបានទៀងទាត់។ 

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអបអរសាទរនៃទិវាមហារីពិភពលោក ខួបលើកទី២៧ ក្រោមប្រធានបទ «រួមគ្នា ក្នុងភាពខុសគ្នា» ដែលប្រារព្ធធ្វើជាលើកទី១ នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៦នេះ។

លោកសាស្ដ្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានថ្លែងបន្ដថា «ជំងឺមហារីក មិនមែនត្រឹមជាជំងឺរបស់បុគ្គលណាម្នាក់ឡើយ ប៉ុន្តែជាបញ្ហារួមដែលប៉ះពាល់ដល់គ្រួសារ សហគមន៍ សង្គម និងប្រទេសជាតិទាំងមូល។ ហើយជំងឺមហារីកមិនរើស អាយុ ភេទ ជាតិសាសន៍ ពណ៌សម្បុរ សាសនា ឬស្ថានភាពសេដ្ឋកិច្ចឡើយ។ មនុស្សគ្រប់រូបអាចនឹងប្រឈមចំពោះជំងឺនេះគ្រប់ពេល ហេតុនេះទើបទាមទារឱ្យយើងទាំងអស់គ្នាមិនថាក្រុមគ្រូពេទ្យ ពិសេសប្រជាជនត្រូវមានការស្វែងយល់ពីជំងឺនេះ និងមកទទួលសេវាពិនិត្យសុខភាពជាទៀងទាត់ជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីស្វែងរកឃើញក្នុងដំណាក់កាលដំបូង ដែលអាចព្យាបាលជាសះស្បើយ»

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា រហូតមកទល់នឹងពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា មិនមានវ៉ាក់សាំងណាមានប្រសិទ្ធិភាពក្នុងការការពារជំងឺមហារីកទាំងអស់បាននោះឡើយ ក្រៅពីវ៉ាក់សាំងការពារមហារីកមាត់ស្បូន និងមហារីកថ្លើមប្រភេទ B។ ដូច្នេះហើយមានតែការខិតខំក្នុងការបង្ការ តាមរយៈអប់រំសុខភាព ការពិសាអាហារប្រកបដោយសុខភាព ការមកពិនិត្យសុខភាពឱ្យបានទៀងទាត់ និងការធ្វើលំហាត់ប្រាណ ដែលធ្វើឱ្យយើងកាត់បន្ថយអត្រាកើតជំងឺមហារីកបានច្រើន។ 

«លើសពីនោះរហូតមកបច្ចុប្បន្ននេះ មិនទាន់មានការស្រាវជ្រាវណា ថាយើងអាចនឹងកើតជំងឺមហារីកនៅអាយុប៉ុន្មាន និងជាមហារីកអ្វីនោះទេ ។ដូចនេះក្រុមគ្រូពេទ្យយើង នឹងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធ្វើនវានុវត្ដន៍ ដើម្បីរិៈរកនូវវិធីសាស្ដ្រព្យាបាលថ្មីៗមកទៀត ដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងកើតជំងឺមហារីក និងដែលនឹងកើតជំងឺមហារីកនៅពេលណាមួយនោះ ។ហើយក្នុងនាមយើងជាគ្រូពេទ្យ គឺនៅរួមសុខរួមទុក្ខជាមួយអ្នកជំងឺយើង តាំងពីចាប់ផ្ដើមព្យាបាល រហូតដល់ទីបញ្ចប់នៃការព្យាបាល»

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យ គង់ សន្យា ក៏បានបង្ហាញពីរោគសញ្ហាមួយចំនួនដែលអាចសម្គាល់ថា ត្រូវតែប្រញាប់មកជួបជាមួយគ្រូពេទ្យជាបន្ទាន់នៅពេលដែលមានអាការៈដូចជា ចុះគីឡូខ្លាំង ធុំក្លិនអាហារខ្លះមិនបាន  ឬមួយមានការឈឺចាប់ និងមានសភាពក្នុងខ្លួនខុសពីធម្មតា ប៉ុន្ដែជំងឺមហារីកមួយចំនួនក៏មិនបានបង្ហាញពីរោគសញ្ហាឱ្យយើងដឹងមុនផងដែរ មូលហេតុនេះហើយទាមទារឱ្យប្រជាពលរដ្ឋ សូមមកពិនិត្យសុខភាពជាទៀងទាត់នៅមន្ទីរពេទ្យ។

ជាមួយគ្នានេះលោកសាស្ដ្រាចារ្យ បានស្នើដល់អង្គការដៃគូ និងក្រុមការងារពាក់ព័ន្ធទាំងអស់ សូមបន្តអភិវឌ្ឍជំនាញបន្តការសិក្សាស្រាវជ្រាវ និងបន្តធ្វើការជាក្រុម ដើម្បីឆ្លើយតបនឹងតម្រូវការផ្សេងៗរបស់អ្នកជំងឺមហារីក ដែលមានភាពខុសគ្នាទាំងផ្លូវរាងកាយ និងផ្លូវចិត្ត។ 

សូមជម្រាបថានៅឆ្នាំ២០២៥ ក្រសួងសុខាភិបាលបានស្រាវជ្រាវរកអ្នកជំងឺមហារីក និងការមកទទួលការព្យាបាលទាន់ពេលវេលាមានការកើនឡើង ចំនួន ៣៥,៩២១នាក់ កើនឡើង១៣,៩% បើធៀបនឹងឆ្នាំ២០២៤ ហើយក្នុងនោះករណីអ្នកជំងឺដែលមកទទួលការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត មានរហូតដល់ទៅជាង៣ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង