ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា-វៀតណាមនិងឡាវជំរុញឱ្យបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ

76

ភ្នំពេញនៅក្នុងជំនួបកំពូលថ្នាក់ដឹកនាំគណបក្សនយោបាយទាំង៣ កម្ពុជា-វៀតណាម-ឡាវ សម្រាប់ ឆ្នាំ២០២៦ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំគណបក្សទាំង៣ បានឯកភាពគ្នាជារួមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងគណបក្សនយោបាយ៣ និងរដ្ឋាភិបាលប្រទេសទាំងបី ព្រមទាំងជំរុញឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។

ថ្នាក់ដឹកនាំទាំង៣ បានជំរុញឱ្យពង្រីកទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងក្នុងវិស័យការពារជាតិផងដែរ។ នេះបើតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបង្ហាញលទ្ធផលនៃជំនួបកំពូល។

ជំនួបកំពូលរវាងគណបក្សទាំងបី បានធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ ក្រោមអធិតីភាព សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និង លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ។

បើតាម លោក ជា ធីរិទ្ធ, នៅក្នុងជំនួបកំពូលនេះ គណបក្សទាំង៣ក៏បានជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិ បត្តិការសម្រាប់អ្នកបន្តវេន ដោយធ្វើយ៉ាងណាបន្តពូនជ្រំនូវវប្បធម៌ជាប្រពៃណី នៃការជួបគ្នារវាងថ្នាក់ដឹកនាំប្រទេសទាំងបី ដើម្បីបន្តទៅអ្នកបន្តវេនជំនាន់ក្រោយទៀត ហើយរក្សានូវកិច្ចប្រជុំកំពូលនេះឱ្យបន្តជានិរន្តរ៍ ដើម្បីស្វែងរកឱកាសនេះពង្រីកក្នុងក្របខណ្ឌនៃមិត្តភាពប្រទេសជិតខាងជាមួយគ្នា។

ថ្នាក់ដឹកនាំទាំងបីបានឯកភាពគ្នាបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកបន្ថែមនូវទស្សនកិច្ចកំពូលនៃថ្នាក់ដឹកនាំប្រទេសទាំងបី រួមទាំងអ្នកបន្តវេន យុវជនប្រទេសទាំង៣ ឱ្យកាន់តែច្រើនផងដែរ។ លើសពីនេះទៀត ការបណ្តុះបណ្តាលយុវជនបន្តវេន ក៏ជារឿងចាំបាច់ ដែលថ្នាក់ដឹកនាំប្រទេសទាំង៣ យកចិត្តទុកដាក់ និងជំរុញគណបក្សទាំង៣រួមគ្នាបណ្តុះបណ្តាលយុវជនគណបក្ស ឱ្យកាន់តែសកម្ម និងផុសផុល ដើម្បីកត្តានៃការរួមចំណែកដល់ការពង្រឹងមិត្តភាពនៃប្រទេសទាំងបីឱ្យកាន់តែស៊ីជម្រៅ។

ចុងក្រោយ ថ្នាក់ដឹកនាំគណបក្សទាំងបីរ បានឯកភាពជំរុញទំនាក់ទំនងត្រីភាគី នៅក្នុងក្របខណ្ឌនៃការសហការមិត្តភាពជាប្រពៃណី តាមបណ្តោយព្រំដែនឱ្យកាន់តែល្អ សុវត្ថិភាព សន្តិសុខ និងសន្តិភាពតាមព្រំដែន ដែលជាកត្តាចម្បងដែលថ្នាក់គណបក្សទាំងបីបានលើកឡើងហើយក៏កោតសរសើរចំពោះអ្វីដែលប្រទេសទាំងបីបានធ្វើឡើងជាមួយគ្នាដោយរក្សាបាននូវទំនាក់ទំនងតាមព្រំដែនដ៏ល្អប្រសើរ ហើយបន្តនូវការខិតខំប្រឹងប្រែងទៀតដើម្បីប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនដើម្បីធានាថា ព្រំដែនប្រទេសទាំង៣មានសុវត្ថិភាព ហើយបន្តរក្សាសន្តិភាពឱ្យកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង