ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីឱ្យប្រទេសទាំងបីសម្រេចគោលដៅក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៤៥ សម្រាប់វៀតណាម ឆ្នាំ២០៥០ សម្រាប់កម្ពុជា និងឆ្នាំ២០៥៥ សម្រាប់ប្រទេសឡាវ
ភ្នំពេញ៖នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរវាងអ្នកដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាបានរៀបចំកិច្ចប្រជុំរវាងអ្នកដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ រួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម តូ ឡឺម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង ឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ព្រមទាំង មានការចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី ថ្នាក់ដឹកនាំនៃរដ្ឋសភា និងឥស្សរជនរបស់គណបក្សនីមួយៗ។
ក្នុងជំនួបនេះ អ្នកដឹកនាំកំពូលនៃគណបក្សទាំងបីបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍ ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងចែករំលែកអំពីបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស និង ប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងត្រីភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ និង អន្តរជាតិ ព្រមទាំងដាក់ចេញគោលការណ៍ និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ក្នុង ពេលខាងមុខ។ ភាគីទាំងបីបានកោតសរសើរនិងវាយតម្លៃខ្ពស់អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក ហើយបានសម្តែងនូវការជឿទុកចិត្តគ្នាខ្ពស់ក្នុងការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីឱ្យប្រទេសទាំងបីសម្រេចគោលដៅក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៤៥ សម្រាប់វៀតណាម ឆ្នាំ២០៥០ សម្រាប់កម្ពុជា និងឆ្នាំ២០៥៥ សម្រាប់ប្រទេសឡាវ។
កិច្ចប្រជុំកំពូលនៃគណបក្សទាំងបីនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហា នានា ក្នុងទំនាក់ទំនងរវាងគណបក្សទាំងបី ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។ ភាគីទាំងបីបានកត់សម្គាល់ ឃើញថា កិច្ចសហប្រតិបត្តិការលើវិស័យការទូត ការពារជាតិ និងសន្តិសុខ បានបោះជំហានទៅមុខ ប្រកបដោយ ប្រសិទ្ធភាពនិងស៊ីជម្រៅ ដែលជំរុញឱ្យកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ អប់រំ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កាន់តែរីកចម្រើន។
ភាគីទាំងបីឯកភាពជំរុញទំហំពាណិជ្ជកម្មទៅវិញទៅមកនៃប្រទេសទាំងបីឱ្យកើនឡើងទ្វេដង។ ភាគី ងបីក៏បានឯកភាពជំរុញឱ្យសកម្មនូវការអនុវត្តគោលនយោបាយទេសចរណ៍ «ប្រទេស៣ គោលដៅ១» ដើម្បីជំរុញប្រទេសទាំងបីឱ្យក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរនៃប្រទេសទាំងបី និងប្រទេស ផ្សេងៗទៀតជុំវិញពិភពលោក។
