តាមរដ្ឋធម្មនុញ្ញព្រះមហាក្សត្រទ្រង់មិនកាន់អំណាចទេ, តាមច្បាប់ពេលព្រះមហាក្សត្រប្រឈួនគឺប្រធានព្រឹទ្ធសភាជាព្រះរាជតំណាងរបស់ព្រះមហាក្សត្រទទួលភ្ញៀវបរទេស
ភ្នំពេញ៖ឆ្លើយតបនឹងការលើកឡើងពាក់ព័ន្ធនឹងព្រះរាជសារព្រះមហាក្សត្រ ឯកឧត្ដម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានបញ្ជាក់ថា តាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា គឺបានចែងយ៉ាងច្បាស់ថា ព្រះមហាក្សត្រទ្រង់មិនកាន់អំណាចទេ, តាមច្បាប់ពេលដែលព្រះមហាក្សត្រ ទ្រង់ប្រឈួន គឺប្រធានព្រឹទ្ធសភា ជាព្រះរាជតំណាងរបស់ព្រះមហាក្សត្រ ដើម្បីទទួលភ្ញៀវបរទេសជាប្រមុខរដ្ឋ ដែលមកបំពេញទស្សនកិច្ចតាមការយាង និងអញ្ជើញរបស់ព្រះមហាក្សត្រ។
ឯកឧត្ដម សួស យ៉ារ៉ា លើកឡើងបែបនេះ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងសន្និសិទសារព័ត៌មានស្ដីពី«លទ្ធផលរួមនៃកិច្ចប្រជុំទ្វេភាគី និងត្រីភាគី ថ្នាក់ដឹកនាំកម្ពុជា-ឡាវ-វៀតណាម» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្ដម សួស យ៉ារ៉ា បានលើកឡើងយ៉ាងដូច្នេះថា៖ «រាជបល្ល័ង្ក គឺឧត្តមភាពណាស់ ពិសេសនោះ គឺមនុស្សត្រូវយល់អំពីច្បាប់ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រ គឺជាអង្គកំពូល ជាប្រមុខរដ្ឋ […] នៅពេលដែលព្រះកុរណាលោកមានព្រះអវត្តមានពីប្រទេស តាមច្បាប់រដ្ឋធម្មនុញ្ញ គឺសម្តេចប្រធានរដ្ឋសភា ជាប្រមុខរដ្ឋស្តីទី។ អ៊ឹចឹងប្រមុខរដ្ឋស្តីទី ត្រូវទៅទទួលបណ្តាប្រមុរដ្ឋផ្សេងទៀត ដែលព្រះអវត្តមានព្រះករុណា ការទទួលប្រមុខរដ្ឋ ត្រូវរៀបចំទទួលក្នុងក្របខ័ណ្ឌរដ្ឋ និងរដ្ឋ ដូច្នេះ ការទទួលត្រូវរៀបចំឡើងនៅព្រះបរមរាជវាំង»។
ឯកឧត្ដម សួស យ៉ារ៉ា បានគូសបញ្ជាក់ថា នៅកម្ពុជា គឺមានស្ថាប័នជាតិធំចំនួន៤ ដែលទទួលស្គាល់ដោយច្បាប់រដ្ឋធម្មនុញ្ញ គឺស្ថាប័នព្រឹទ្ធសភា, រដ្ឋសភា, ស្ថាប័ននីតិប្រតិបត្តិ (ដឹកនាំដោយនាយករដ្ឋមន្ត្រី) និងស្ថាប័នតុលាការ។ ដូច្នេះ កាលណាព្រះមហាក្សត្រ ទ្រង់ព្រះអវត្តមានពីប្រទេស ឬព្រះអង្គព្រះប្រឈួន ច្បាស់ណាស់យោងតាមច្បាប់ នឹងត្រូវប្រគល់សិទ្ធិជាប្រមុខរដ្ឋស្តីទី ជូនប្រធានព្រឹទ្ធសភា ខណៈបច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈច្បាប់រដ្ឋធម្មនុញ្ញ គឺសម្តេចតេជោ ហ៊ុន សែន នឹងទទួលតំណែងជាប្រមុខរដ្ឋស្តីទី ឬព្រះរាជតំណាង ដូច្នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមព្រះរាជតំណាងនឹងអញ្ជើញទទួលរាល់បណ្តាប្រមុខរដ្ឋផ្សេងៗទៀត ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមការអញ្ជើញរបស់ព្រះមហាក្សត្រ។
ឯកឧត្ដម សួស យ៉ារ៉ា បានបន្ថែមថា ជាក់ស្តែងនៅក្នុងដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងលោកបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ តាមការយាង និងអញ្ជើញរបស់ព្រះមហាក្សត្រ។ ដូច្នេះ សម្តេចតេជោ ហ៊ុន សែន ត្រូវអញ្ជើញក្នុងព្រះបរមនាមព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
បើតាមឯកឧត្ដម សួស យ៉ារ៉ា បានបញ្ជាក់ថា នៅពេលដែលព្រះមហាក្សត្រ ព្រះប្រឈួន ព្រះមហាក្សត្រទ្រង់ចាត់តាំងព្រះរាជតំណាង។ ដូច្នេះ ព្រះរាជតំណាងអាចបំពេញការងារផ្សេងនៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រមុខរដ្ឋផ្សេងទៀត ក្នុងនាមព្រះតំណាងរបស់ព្រះមហាក្សត្រ។ ចំណុចនេះគឺមានចែងនៅក្នុងច្បាប់ គឺមិនមានការប៉ះពាល់ដល់ព្រះមហាក្សត្រនោះទេ ពីព្រោះការចាត់តាំងទាំងអស់ មានចែងនៅក្នុងច្បាប់កំពូលរបស់ជាតិ៕
