ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ទៅដល់រុស្ស៉ីដើម្បីជួបលោកពូទីនស្របពេលកិច្ចចរចាសន្តិភាពជាមួយអាមេរិកជាប់គាំង

74

មូស្គូរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានធ្វើដំណើរមកដល់ប្រទេសរុស្ស៉ី ជាទីដែលរូបលោកនឹងជួបពិភាក្សា ជាមួយ ប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន ចំពោះមុខសង្រ្គាមជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦។

លោក Araghchi បានធ្វើដំណើរមកដល់ទីក្រុង St Petersburg នាថ្ងៃចន្ទនេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចកាលពីចុងសប្តាហ៍ នៅឯប្រទេសប៉ាគីស្ថាន និង អូម៉ង់ ដែលជាអ្នកជួយសម្រុះសម្រួលជម្លោះ។ ភ្លាមៗពេលមកដល់រុស្ស៉ី លោកប្រមុខការទូតអ៉ីរ៉ង់ បាននិយាយថា លោកធ្វើដំណើរមករុស្ស៉ីនាពេលនេះ គឺក្រោមគោលបំណងបន្ត កិច្ចពិគ្រោះយោបល់រវាងទីក្រុងតេហេរ៉ង់និងទីក្រុងមូស្គូ ស្តីពីបញ្ហាក្នុងតំបន់និងអន្តរជាតិ។ លោកបានបន្ថែមថា ជំនួបរបស់លោកជាមួយលោកប្រធានាធិបតីរុស្ស៉ី នាថ្ងៃចន្ទនេះ នឹងបម្រើជាឱកាសល្អមួយ ដើម្បីជជែកអំពីស្ថានការណ៍វិវត្តន៍នៃសង្រ្គាម និងពិនិត្យឡើងវិញលើស្ថានភាពចុងក្រោយបង្អស់។

ក្តីសង្ឃឹមនៃកិច្ចប្រឹងប្រែងស្វែងរកសន្តិភាព បានថយចុះទៅវិញកាលពីថ្ងៃសៅរ៍ នៅពេលដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចលុបចោល គម្រោងទស្សនកិច្ចទៅកាន់ទីក្រុងអ៉ីស្លាម៉ាបាដ ដោយក្រុមបេសកជនរបស់លោក ខណៈភាគីទាំងពីរ ហាក់នៅខ្វែងគំនិតគ្នាខ្លាំងនៅឡើយ ជុំវិញបញ្ហាចម្បងៗ រួមមានមហិច្ឆតានុយក្លេអ៊ែររបស់អ៉ីរ៉ង់ ក៏ដូចជាការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងនិងឧស្ម័នរបស់ពិភពលោក។

គួរបញ្ជាក់ថា តាមការចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយសារព័ត៌មានអាមេរិក Axios អ៉ីរ៉ង់បានផ្តល់សំណើថ្មីមួយ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបិទបញ្ចប់សង្រ្គាមជាមួយ ការបើកកិច្ចចរចានុយក្លេអ៊ែរ នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង