ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ឱ្យប្រើប្រាស់សាកល្បងផែស្ងួត ភីធីអិលអេស PTLSដែលមានផ្ទៃដី ៥២៤៤៧ម៉ែត្រការ៉េ នៅភូមិកុលក្រស្នារ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ

35

ភ្នំពេញ៖ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រុមហ៊ុន ភីធីអិលអេស «PTLS »ខូអបភើរេសិន ឯ.ក បានពិនិត្យពិភាក្សាសម្រេចជ្រើសរើស ជាជំហានដំបូង យកទីតាំងភូមិកុលក្រស្នារ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ធ្វើជាផែស្ងួត ដែលមានផ្ទៃដី ៥២៤៤៧ម៉ែត្រការ៉េ និងមានដីបម្រុងទុកប្រមាណ ៥០០០០ ម៉ែត្រការ៉េ សម្រាប់ការពង្រីកបន្ថែម ជាមួយនិងការបំពាក់ទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនទៀត។

  នេះការលើកឡើងរបស់លោកឧកញ៉ា សៅ សុវ័ន្ត អគ្គនាយកក្រុមហ៊ុន ភីធីអិលអេស PTLS ខូអបភើរេសិន ឯ.ក ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់សាកល្បង ផែស្ងួត ភីធីអិលអេស នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ នៅភូមិកុលក្រស្នារ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

  លោកឧកញ៉ា សៅ សុវ័ន្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយមើលឃើញពីកំណើនឥតឈប់ឈរ នៃតម្រូវការនាំចេញ-នាំចូលផលិតផលកសិកម្ម វាយណភណ្ឌ និងទំនិញផ្សេងៗទៀត និងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យភស្តុភារកម្ម និងការដឹកជញ្ជូននៅកម្ពុជា ជាពិសេសតាមរយៈផ្លូវដែក ក្រុមហ៊ុនបានស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍតំបន់ ភស្តុភារកម្ម ផែស្ងួត និងសួនឧស្សាហកម្ម នៅតាមបណ្ដោយស្ថានីយរថភ្លើង។ 

  លោកឧកញ៉ា បានបន្តថា៖ គោលបំណងចម្បងរបស់ក្រុមហ៊ុន គឺការតភ្ជាប់បណ្តាញដឹកជញ្ជូនទំនិញពី ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង មកកាន់តំបន់ភូមិភាគកណ្តាល និងបន្តទៅកាន់កំពង់ផែតាមដងទន្លេ និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដើម្បីរួមចំណែកបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ផែស្ងួតនេះ ត្រូវបានបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន ទីលានផ្ទុក កុងតឺន័រទូសាច់ ទំហំ ១៣៣៤៥

ម៉ែត្រការ៉េ មានសមត្ថភាពផ្ទុកប្រមាណ ៩៦០០០TEU ក្នុងមួយឆ្នាំ, ទីលានផ្ទុក សំបកកុងតឺន័រ ទំហំ ៨១១២

ម៉ែត្រការ៉េ មានសមត្ថភាពផ្ទុកប្រមាណ ២៦០០០TEU ក្នុងមួយឆ្នាំ, ឃ្លាំងបម្រុង បណ្តោះអាសន្នចំនួន២ខ្នង សរុបទំហំ ៤១០៤ម៉ែត្រការ៉េ, ច្រកចេញចូល, អគាររដ្ឋបាលក្រុមហ៊ុន ព្រមទាំងអគារ ការិយាល័យគយ និងរដ្ឋាករ ដែលបម្រើការ ២៤លើ២៤ម៉ោង។ ទីតាំងនេះជាចំណុចយុទ្ធសាស្ត្រដ៏មានសក្តានុពលក្នុង រាជធានីភ្នំពេញ ក្នុងការតភ្ជាប់តំបន់ឧស្សាហកម្មជុំវិញ ទៅកាន់ផ្លូវជាតិ និងខ្សែផ្លូវ សំខាន់ៗ ដូចជា ផ្លូវលេខ ៤២, ផ្លូវលេខ ៥១, ផ្លូវជាតិលេខ ៥, មហាវិថីឈ្នះ-ឈ្នះ, ផ្លូវជាតិលេខ ៤, ផ្លូវជាតិលេខ ៣ និងជាពិសេសគឺបណ្តាញ ផ្លូវដែក ដែលគ្រោងនឹងបញ្ចប់ការតភ្ជាប់ចូលមកកាន់ទីតាំងផែស្ងួតនៅមុនបំណាច់ឆ្នាំ ២០២៦។ បន្ថែមពីនេះ ក្រុមហ៊ុនមានផែនការបន្តសាងសង់ចំណតផែស្ងួតទី២ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាឆ្នាំ ២០២៧ និងចំណត ផែស្ងួតទី៣ នៅខេត្តបាត់ដំបង នៅក្នុងឆ្នាំ ២០២៨ ខាងមុខផងដែរ ដើម្បីជំរុញការគាំទ្រប្រតិបត្តិការចំណតផែ ស្ងួតតាមបណ្តោយផ្លូវរថភ្លើងភាគខាងជើង។

   ក្នុងឱកាសនេះដែរ ក្រុមហ៊ុន PTLS បានសម្តែងនូងការអរគុណចំពោះ កំពង់ផែស្វយ័តភ្នំពេញ ដែលជា ដៃគូសហការយ៉ាងជិតស្និទ្ធកន្លងមក ក្នុងការអភិវឌ្ឍចំណតផែរណបតាមដងទន្លេ រួមមាន ចំណតផែរណប TS១១ និង UM២ ដែលបានជួយផ្តល់យោបល់ ជ្រោមជ្រែង គាំទ្រផ្នែកបច្ចេកទេស និងចែករំលែកបទពិសោធន៍ ប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលជាធនធានដ៏មានតម្លៃ ក្នុងការលើកកម្ពស់សមត្ថភាពនិយោជិតរបស់ក្រុមហ៊ុន សម្រាប់ប្រតិបត្តិការការងារនៅផែស្ងួត PTLS នេះ។

  លោកឧកញ៉ា សៅ សុវ័ន្ត បានបញ្ជាក់បន្ថែមថា៖ដើម្បីគាំទ្រដល់ផែស្ងួតនេះ ក្រុមហ៊ុនបានសម្រេច បញ្ចុះតម្លៃ សម្រាប់សេវាកម្មប្រើប្រាស់ក្នុងផែស្ងួត PTLS ចំនួន២០%រហូតដល់បំណាច់ឆ្នាំ ២០២៦៕

អត្ថបទដែលជាប់ទាក់ទង