ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលសង្កាត់ព្រៃវែងសេចក្តីបំភ្លឺព័ត៌មានសូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សាធារណជន និងអ្នកសារព័ត៌មានទាំងអស់រឿងទារប្រាក់ចំនួន 10.000 រៀល ដើម្បីចុះលេខរដ្ឋបាលនៅសាលាសង្កាត់ព្រៃវែង 

42

ភ្នំពេញ៖រដ្ឋបាលសង្កាត់ព្រៃវែងសេចក្តីបំភ្លឺព័ត៌មានសូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ជ្រាបថា ពេលថ្មីៗនេះ ឃើញមានការចែករំលែកព័ត៌មានករណីឈ្មោះ ទូច ណារិន នៅរដ្ឋបាលសង្កាត់ព្រៃវែង ទារប្រាក់ចំនួន 10.000 រៀល ដើម្បីចុះលេខរដ្ឋបាលនៅសាលាសង្កាត់ព្រៃវែង នៅតាមបណ្តាញសង្គម និងសារព័ត៌មានជាច្រើន។

រដ្ឋបាលសង្កាត់ព្រៃវែង សូមធ្វើការបំភ្លឺជូនថា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីទទួលបដិសណ្ឋារកិច្ចបានសុំច្បាប់ឈប់សម្រាក ដើម្បីទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ រីឯមន្ត្រីជាប់កិច្ចសន្យាមួយរូបទៀតត្រូវទៅចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីកុំឱ្យមានការកកស្ទះក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ រដ្ឋបាលសង្កាត់បានចាត់ឱ្យឈ្មោះ ទូច ណារិន ជាបុគ្គលិកជំនួយការរដ្ឋបាល ឱ្យទៅអង្គុយជំនួសកន្លែងមន្ត្រីបដិសណ្ឋារកិច្ច ដើម្បីសម្រួល និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋជាបណ្តោះអាសន្នសិន។

នៅព្រឹកថ្ងៃខែឆ្នាំដដែល ឈ្មោះ គឹម សុវណ្ណវឌ្ឍនា បានមកសុំធ្វើលិខិតបញ្ជាក់ទីលំនៅ ហើយឈ្មោះ ទូចណារិន បានបំពេញឯកសារ និងយកទៅឱ្យចុះហត្ថលេខាលោកស្រីចៅសង្កាត់ រួចក៏បានប្រគល់ឱ្យឈ្មោះ គឹម សុវណ្ណវឌ្ឍនា ដោយបានប្រាប់ឱ្យបង់លុយចុះលេខរដ្ឋបាលចំនួន ១០០០០រៀល។ ប៉ុន្តែដោយឈ្មោះ ទូច ណារិន មិនមែនជាមន្ត្រីទទួលកិច្ចការនេះ ទើបមានការភ័ន្តច្រឡំ និងបានផ្តល់ព័ត៌មានអំពីតម្លៃសេវាបញ្ជាក់ប្រវត្តិដី ជំនួសឱ្យតម្លៃសេវាបញ្ជាក់ទីលំនៅទៅវិញ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ រដ្ឋបាលសង្កាត់បានទាក់ទងផ្ទាល់ទៅអញ្ជើញឈ្មោះ គឹម សុវណ្ណវឌ្ឍនា មកសួរនាំព័ត៌មានលម្អិតនៃហេតុការណ៍ និងបានរកឃើញថា ឈ្មោះ គឹម សុវណ្ណ ដែលជាឪពុករបស់ខ្លួន បានខឹងឈ្មោះ ទូច ណារិន យកលុយចំនួន 100.000 រៀល សម្រាប់រត់ការឯកសារចុះបញ្ជីដីកាលពីឆ្នាំ២០២៣។ ក្រោយការសួរនាំបញ្ជាក់រួច រដ្ឋបាលសង្កាត់បានបន្តជួយរៀបចំឯកសារបញ្ជាក់ទីលំនៅ និងប្រគល់ជូនឈ្មោះ គឹម សុវណ្ណ រួចរាល់ ដោយពុំមានការខឹងសម្បារ ឬអាក់អន់ស្រពន់ចិត្តនឹងគ្នាទៀតឡើយ។

រដ្ឋបាលសង្កាត់ សូមជម្រាបបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនបន្ថែមថា ជាទូទៅលោកស្រីចៅសង្កាត់ តែងតែប្រជុំណែនាំដល់មន្ត្រីទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងមិនត្រូវទារកម្រៃសេវាលើសការកំណត់របស់អន្តរក្រសួងជាដាច់ខាត។

ចំពោះករណីបុគ្គលឈ្មោះ ទូច ណារិន ដែលបានប្រព្រឹត្តខុស និងកំហុសឆ្គងក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានកំណត់ទារប្រាក់ចំនួន 10.000 រៀល ផ្ទៃចុះលេខរដ្ឋបាលខុសពីតារាងកំណត់តម្លៃសេវារបស់អន្តរក្រសួងនោះ រដ្ឋបាលសង្កាត់បានសម្រេច បញ្ឈប់ពីបុគ្គលិកជំនួយការសង្កាត់ព្រៃវែង ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រួចហើយ។

អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង