ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារជាតិនៃកម្ពុជាបដិសេធព័ត៌មានក្លែងក្លាយស្តីពីការដាក់ឱ្យចរាចរក្រដាសប្រាក់រៀលប្រភេទថ្មី

36

ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធនឹងការដាក់ឱ្យចរាចរក្រដាសប្រាក់រៀលប្រភេទថ្មី ដែលបានរីករាលដាលតាមរយៈគណនី TikTok និងបណ្តាញសង្គមផ្សេងទៀតនាពេលថ្មីៗនេះ។

 ព័ត៌មានក្លែងក្លាយទាំងនេះត្រូវបានអមដោយរូបភាពឌីហ្សាញក្រដាសប្រាក់មិនពិត ដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI។

ធនាគារជាតិនៃកម្ពុជា បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រព្រឹត្តល្មើសដែលបានបង្កើត និងផ្សព្វផ្សាយព័ត៌មានបំភាន់ទាំងនេះ។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា កំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការផ្លូវច្បាប់លើករណីនេះ ក្នុងគោលបំណងរក្សាស្ថិរភាព និងការពារផលប្រយោជន៍សាធារណជន។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន និងចៀសវាងការចែករំលែកបន្តនូវព័ត៌មានក្លែងក្លាយទាំងនេះ ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ។ 

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ព័ត៌មានពាក់ព័ន្ធនឹងប្រភេទក្រដាសប្រាក់ដែលកំពុងចរាចរ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងជាផ្លូវការជានិច្ច។ ដូច្នេះ រាល់ព័ត៌មានដែលមិនចេញផ្សាយដោយធនាគារជាតិនៃកម្ពុជាផ្ទាល់ គឺសុទ្ធតែជាព័ត៌មានមិនពិត៕

អត្ថបទដែលជាប់ទាក់ទង