ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារជួសជុលកែលម្អផ្លូវជាតិលេខ៩៤ពីឫស្សីត្រឹបទៅកំពង់ស្រឡៅ«ព្រំដែនឡាវ»ដែលរងការខូចខាតដោយភ្លៀងធ្លាក់ជោគជាំខ្លាំង

20

ព្រះវិហារលោក សំ លាងទ្រី បញ្ជាក់ថា៖ក្រោមការដឹកនាំ និងការណែនាំដ៏យកចិត្តទុកដាក់ពីឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងការចង្អុលបង្ហាញជាប្រចាំពីឯកឧត្ដម  គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តការងារថែទាំ ជួសជុល និងកែលម្អបណ្តាញផ្លូវថ្នល់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរជាប្រចាំ ដើម្បីធានាឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយសុវត្ថិភាព ងាយស្រួល និងចំណេញពេលវេលា។

ជាក់ស្តែងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់របស់មន្ទីរកំពុងអនុវត្តការងារថែទាំប្រចាំ លើកំណាត់ផ្លូវជាតិលេខ៩៤ (ផ្លូវក្រាលដីល្បាយថ្ម) ប្រវែងសរុប ៥៤,៩គីឡូម៉ែត្រ ចាប់ពីចំណុចឫស្សីត្រឹប ដល់កំពង់ស្រឡៅ (ព្រំដែនកម្ពុជា-ឡាវ) ស្ថិតក្នុងភូមិសាស្ត្រស្រុកឆែប ដោយប្រើប្រាស់គ្រឿងចក្រ និងកម្លាំងមន្ត្រីជំនាញ ចុះអន្តរាគមន៍ជួសជុលជាបន្តបន្ទាប់ ដើម្បីស្តារស្ថានភាពផ្លូវឲ្យប្រើប្រាស់បានល្អឡើងវិញ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្តែងការអភ័យទោសចំពោះប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ ដែលបានជួបការលំបាក ក្នុងការធ្វើដំណើរនាពេលកន្លងមក ដោយសារតែភ្លៀងធ្លាក់ជោកជាំជាបន្តបន្ទាប់ បង្កឲ្យផ្លូវរអិល និងខូចខាតនៅតាមផ្នែកមួយចំនួន ខណៈក្រុមការងារមិនអាចបញ្ចេញគ្រឿងចក្រចូលអន្តរាគមន៍បានភ្លាមៗ ព្រោះលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។

លោកប្រធានមន្ទីរ បានថ្លែងបញ្ជាក់ថា ក្រោយពីអាកាសធាតុបានល្អប្រសើរឡើងវិញ ថ្ងៃនេះក្រុមការងារបច្ចេកទេសបានបញ្ចេញគ្រឿងចក្រចូលកៀរសម្រួល និងកិនបង្ហាប់ផ្លូវឡើងវិញ ដោយសម្រេចការជួសជុលបានប្រវែងប្រមាណ៤គីឡូម៉ែត្ររួចហើយ។ ទោះជាយ៉ាងណា ប្រសិនបើមានភ្លៀងធ្លាក់ជាបន្តទៀត ការងារជួសជុលអាចនឹងត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីរក្សាគុណភាពការងារ និងជៀសវាងការខូចខាតបន្ថែម។

លោក សំ លាងទ្រី បានបន្ថែមថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងបន្តខិតខំប្រឹងប្រែងពង្រឹងការងារថែទាំផ្លូវថ្នល់ទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត ដើម្បីធានាឲ្យបណ្តាញផ្លូវមានស្ថានភាពល្អ សម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ កាត់បន្ថយការចំណាយ និងចំណេញពេលវេលា ជូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការតភ្ជាប់តំបន់ព្រំដែនឲ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកប្រធានមន្ទីរ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ សូមមេត្តាយោគយល់អធ្យាស្រ័យចំពោះការរអាក់រអួលជាបណ្តោះអាសន្ន និងសូមបើកបរ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតាមកំណាត់ផ្លូវដែលកំពុងដំណើរការជួសជុល ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង