ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាចេញការពារអ្នករាយការណ៍ពិសេសស្តីពីបញ្ហាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធរបាយការណ៍នៃការរំលោភសិទ្ធិពលរដ្ឋកម្ពុជាដោយសារទង្វើឈ្លានពានរបស់ទ័ពថៃ

20

ភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានចេញមកការពារសេចក្តីថ្លែងការណ៍ របស់ លោក ថូម៉ាស អ៊ែនឌ្រូ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួល បន្ទុក ស្ថាន ភាពសិទ្ធិមនុស្សនៅកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះ ក៏ដូច ជារងការរំលោភ បំពានសិទ្ធិយ៉ាងធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋកម្ពុជាដោយសារទង្វើឈ្លានពានរបស់កង ទ័ពថៃ។

លោក ថូម៉ាស អ៊ែនឌ្រូ បានធ្វើដំណើរមកបំពេញការងារនៅកម្ពុជារយៈ ពេល ១២ ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងដំណើរបំពេញការងារនេះ លោក អ៊ែនឌ្រូ បានធ្វើ ដំណើរ ទៅកាន់ព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យដោយផ្ទាល់លើស្ថានភាពព្រំដែន ព្រមទាំងស្ថានភាពជនភៀសសឹករបស់កម្ពុជា ដែលបាត់បង់ដីធ្លី ផ្ទះសម្បែង ដោយសារទង្វើឈ្លានពានរបស់កងទ័ពថៃ។

ក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់ការងារនៅកម្ពុជាកាលពីថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៦កន្លងទៅ លោក ថូម៉ាស អ៊ែនឌ្រូ បានលាតត្រដាងពីទុក្ខវេទនា របស់ប្រជាពលរដ្ឋខ្មែរកើតចេញពីទង្វើឈ្លានពានរបស់កងទ័ពថៃ ជាពិសេសការ មិន អាចវិលត្រឡប់ទៅផ្ទះសម្បែងដោយសារកងទ័ពថៃបានកាន់កាប់។ លោក ថូម៉ាស អ៊ែនឌ្រូ បានលើកឡើងថា ផ្អែកលើច្បាប់អន្តរជាតិ ប្រជាពលរដ្ឋកម្ពុជា ត្រូវតែបានត្រឡប់ទៅផ្ទះសម្បែងខ្លួនវិញ។

សេចក្តីថ្លែងការណ៍របស់លោក ថូម៉ាស អ៊ែនឌ្រូ ធ្វើឱ្យរាជរដ្ឋាភិបាលក្រុងបាងកក ប្រទេសថៃ មិនរីករាយនោះឡើយ ទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការ បរទេសរបស់ថៃ ចេញមកប្រតិកម្មវាយបកជាបន្តបន្ទាប់។ ពួកគេបានវាយបកលើ លោក ថូម៉ាស អ៊ែនឌ្រូ ដោយចាត់ទុករបាយការណ៍នេះខ្វះតុល្យភាព។

លោក ថូម៉ាស អ៊ែនឌ្រូ បានឆ្លើយតបរួចហើយលើប្រតិកម្មរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ។ លោក ថូម៉ាស អ៊ែនឌ្រូ បានបញ្ជាក់ថា លោក បានផ្ញើសំណួរ និងរបាយការណ៍ទៅខាងថៃ មុនធ្វើសេចក្តីថ្លែងការណ៍ តែភាគីថៃ មិនមានការឆ្លើយតបនោះឡើយ។

នៅចំពោះមុខការវាយប្រហាររបស់ថៃ កម្ពុជា បានចេញមកការពារសេចក្តីថ្លែង ការណ៍របស់លោក ថូម៉ាស អ៊ែនឌ្រូ។ ក្នុងសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២៦នេះ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បាន កត់សម្គាល់ឃើញថា តួលេខនៃពលរដ្ឋភៀសសឹក និងពលរដ្ឋវិលត្រឡប់ ទៅ លំ នៅ ឋានវិញ ដែលរំលេចក្នុងសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស ដោយ បង្ហាញថា ជនស៊ីវិលកម្ពុជាប្រមាណ៦៥ម៉ឺននាក់ បានភៀសសឹក នៅតាម តំបន់ ព្រំដែននាចុងឆ្នាំមុន។ ហើយក្នុងនោះជាង២ម៉ឺននាក់កំពុងបន្តភៀស សឹក នៅឡើយនោះ គឺស្របគ្នានឹងតួលេខដែលចងក្រងឡើង តាមរយៈវត្តមាននៅ នឹង កន្លែងរបស់ភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអង្គការមនុស្សធម៌នានា ដែល កំពុងធ្វើប្រតិបត្តិការនៅតំបន់ព្រំដែន រួមទាំងកម្មវិធីផ្ដល់អាហារ និងជម្រក ដែលកំពុងដំណើរការបច្ចុប្បន្ន។

ក្នុងសេចក្តីថ្លែងដដែលនេះ កម្ពុជាបានបង្ហាញការ កត់សម្គាល់បន្ថែមទៀតថា ទោះបីជាសេចក្ដីថ្លែងការណ៍ជាសាធារណៈនាពេលថ្មីៗនេះរបស់អាជ្ញាធរថៃ  បាន ជំទាស់ នឹងតួលេខដ៏ច្បាស់លាស់នេះក្តី ក៏សេចក្តីថ្លែងការណ៍ទាំងនោះ បាន បញ្ជាក់ ថា ពិតជាមានជនស៊ីវិលកម្ពុជាជាច្រើនបានភៀសសឹកមែន ហើយនៅតែ មិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង របស់ពួកគេវិញបានឡើយ ដោយសារ តែការ កាន់កាប់ដោយខុសច្បាប់របស់ថៃលើដែនដីកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍នេះ កម្ពុជា ប្រកាសស្វាគមន៍ចំពោះការបន្តផ្ទៀងផ្ទាត់ ដោយឯករាជ្យអំពីស្ថានភាពនេះពីសំណាក់ភ្នាក់ងារពាក់ព័ន្ធ និងស្ថានបេសក កម្ម ការទូតនានា ហើយត្រៀមខ្លួនជាស្រេច ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ច បន្ថែមទៀត ទៅកាន់តំបន់រងផលប៉ះពាល់ទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង